(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសម្រស់និងសមត្ថភាព ដែលកម្ពុជាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសជើងខ្លាំងទៅប្រកួតលើឆាកអន្តរជាតិ គឺ «Miss Universe Cambodia» សម្រាប់ឆ្នាំ២០២២នេះ គឺបានរកឃើញម្ចាស់មកុដហើយ ពោលគឺបានទៅលើបេក្ខនារី ហង្ស ម៉ានីតា ជាកូនខ្មែរកាត់បារាំង មានទាំងសម្រស់និងសមត្ថភាពអាចនិយាយបានរហូតដល់ទៅ៤ភាសា។

ជាក់ស្តែង បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះជាច្រើនវគ្គជាមួយបេក្ខនារីជាច្រើនរូបនោះ នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ។ អាចនិយាយបានថា ជាពេលវេលាមួយដ៏រំភើបរីករាយប្រចាំកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា ត្បិតថាបេក្ខនារីដែលចូលរួមប្រកួតលើកនេះ គឺសុទ្ធតែជើងខ្លាំង មានទាំងសម្រស់និងសមត្ថភាព។

លទ្ធផលផ្លូវការនាយប់មិញនេះ គឺបវរកញ្ញា៥រូប ដែលជាប់តំណែងកំពូលរួមមាន៖
ជយលាភីឯក បានទៅលើ MUC18 ហង្ស ម៉ានីតា
ជយលាភីរងទី១ បានទៅលើ MUC09 ហេង សុទ្ធនិស្ស័យ
ជយលាភីរងទី២ បានទៅលើ MUC04 ហេង បូនីកា
ជយលាភីរងទី៣ បានទៅលើ MUC08 រតនា សុខា វត្តី
ជយលាភីរងទី៤ បានទៅលើ MUC17 ហ៊ុន ហ្គិចឡាង។

គួរជម្រាបថា ម្ចាស់មកុដក្នុងកម្មវិធី «Miss Universe Cambodia» ឆ្នាំ២០២២ កញ្ញា ហង្ស ម៉ានីតា គឺជាកូនខ្មែរ-បារាំង ដែលធំធាត់នៅលើទឹកដីនៃប្រទេសកម្ពុជា កញ្ញាមានម្តាយជាជនជាតិខ្មែរ និងមានឪពុកជាជនជាតិបារាំង។ ម្ចាស់មកុដរូបនេះ ក៏ត្រូវបានគេដឹងថា ចេះនិយាយរហូតដល់ទៅ៤ភាសា រួមមាន ភាសាខ្មែរ បារាំង អង់គ្លេស និងអេស្ប៉ាញផងដែរ៕