(អាំស្ទើដាំ)៖ លោក Javier Tebas ដែលជាប្រធានក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga បានដាក់ពាក្យប្តឹងទៅសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ករណីក្លិបអង់គ្លេស Manchester City និង Paris Sait-Germain ដែលល្មើសទៅនឹងច្បាប់ចាយលុយ (Financial Fair Play) នាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះបានឲ្យដឹងថា នាពេលថ្មីៗនេះ លោក Tebas មានការប្រឆាំង និងតិះទៀតជាខ្លាំងទៅលើ PSG ជុំវិញចាយលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីបន្តកិច្ចសន្យាថ្មីក្នុងខែឧសភាជាមួយខ្សែប្រយុទ្ធ Kylian Mbappe នៅពេល Real Madrid បានបរាជ័យក្នុងការទិញយក ២រដូវកាលចុងក្រោយនេះ។

ក្រោយមកមិនជាយូរទេ ក្លិបអង់គ្លេស Manchester City ក៏បានប្រកាសពីការទិញបានខ្សែប្រយុទ្ធវ័យក្មេងដូចគ្នា Erling Haaland ពីក្លិប Borussia Dortmund ក្នុងតម្លៃ ៥១.២លានផោន នៅពេលក្លិបអ្នកមានអេស្ប៉ាញ Real Madrid តាមទិញដូចគ្នា។

ពាក្យបណ្តឹងដែលប្រឆាំងទៅនឹង PSG ពីសំណាក់ La Liga គឺត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន នៅពេលដែលបណ្តឹងទៅនឹង City គឺបានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២២ មកម្ល៉េះ នៅពេលក្របខណ្ឌអេស្ប៉ាញមួយនេះ នឹងបន្តដាក់បណ្តឹងថែមទៀតដែរ គ្រាដែលក្លិបទាំងពីរខាងលើក៏ធ្លាប់រងបណ្តឹងរបស់លោក Tebas នាពេលកន្លងមកដែរ។

លោក Tebas ក៏នឹងបន្តនិយាយរឿងនេះ នៅក្នុងកិច្ចប្រជុំស្តីពីលីគអឹរ៉ុប នៅទីក្រុង Amsterdam ប្រទេសហូឡង់នាថ្ងៃព្រហស្បតិ៍នេះដែរ៕