(បាសេឡូណា)៖ ខ្សែការពារស្លាបស្តាំ Dani Alves បានប្រកាសពីការចាកចេញពីក្លិបអេស្ប៉ាញ FC Barcelona ជាលើកទី២ ហើយ ក្រោយពេលរួមរស់ជាមួយគ្នាបានតែ ១រដូវកាលមុនមក។

Alves បានបង្ហោះសារនៅលើបណ្តាញ Instagram របស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកក្លិប Barcelona ទាំងអស់ដែលបានផ្តល់ឱកាសឲ្យខ្ញុំបានវិលត្រឡប់មកកាន់ក្លិបនេះជាលើកទី២ និងបានពាក់អាវដ៏ពិសេសនេះម្តងទៀត។ វាគឺជាពេលដ៏អស្ចារ្យ និងទទួលយកការប្រកួតប្រជែងថ្មីទៀតចេញពីទីនេះ»

បុរសវ័យ ៣៩ឆ្នាំសញ្ជាតិប្រេស៊ីលខាងលើនេះ បានសម្រេចចិត្តវិលមកកាន់ទឹកដី Camp Nou វិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ មានរយៈពេល ៥ឆ្នាំគត់ដែល Alves ចែកផ្លូវជាមួយក្រុមអ្នកមានបុណ្យលេងនៅ La Liga ទៅចូលជាមួយ Juventus។

Alves បានចូលលេងចំនួន ៤០៧ប្រកួតជាមួយ FC Barcelona និងឈ្នះពាន La Liga បាន ៦ដងផងដែរ ហើយក៏ធ្លាប់ឈ្នះពាន Serie A ជាមួយ Juventus និងពាន Ligue 1 ជាមួយ Paris Sait-Germain ទៀតផង។

នៅចាំបានថា អំឡុងពេល ៨ឆ្នាំដែល Dani Alves លេងនៅកីឡដ្ឋាន Camp Nou រូបគេក៏បានជួយក្លិបឈ្នះជើងឯកអឺរ៉ុប UEFA Champions League បាន ៣លើក និងពាន Copa del Rey បាន ៤លើក ដោយសរុបទាំងអស់មានដល់ទៅ ២៣ពានឯណោះ៕