(មែលប៊ន)៖ សហព័ន្ធប្រណាំងរថយន្តអន្តរជាតិ Formula 1 បានសម្រេចកិច្ចព្រមព្រៀងជាមួយព្រឹត្តិការណ៍ប្រណាំង Australian Grand Prix រហូតដល់ឆ្នាំ២០៣៥ នាទីក្រុង Melbourne ខណៈកិច្ចសន្យាចាស់ផុតកំណត់នៅឆ្នាំ២០២៥។ នេះបើតាមការឲ្យដឹងពី Formula 1 ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈកិច្ចសន្យាថ្មីនេះបានធ្វើឲ្យការប្រណាំងរថយន្តនៅប្រទេសអូស្រ្តាលី នាទីក្រុង Melbourne នឹងមានរយៈពេល ១០ឆ្នាំបន្ថែមទៀត ហើយលើសពីនេះក៏មានការប្រណាំងរថយន្តកម្រិត Formula 2 និង Formula 3 នៅអំឡុងពេលចុងសន្តាហ៍នៃកម្មវិធីប្រកូតនៅឆ្នាំ២០២៣។

លោក Stefano Domenicali ជាប្រធាន និងជានាយកប្រតិបត្តិនៃ Formula 1 បានលើកឡើងថា «យើងពិតជារីករាយដែលបញ្ចាក់ថាទីក្រុង Melbourne បានបន្តមានក្នុងប្រតិទិនរហូតដល់ឆ្នាំ២០៣៥ ដែលជាទីប្រណាំងមានការគាំទ្រច្រើនចំពោះ អ្នកបើកបរ និងក្រុមប្រណាំង ដែលជាទីក្រុងអន្តរជាតិល្អឥតខ្ចោះសម្រាប់កីឡា។

ខណៈបច្ចុប្បន្នការប្រកួត Formula 1 បានបញ្ចប់នៅតំបន់ Albert Park នៃកម្មវីធី Australian Grand prix 2022 ដែលមានកីឡាករ Charles Leclerc ជាម្ចាស់ជើងឯក កាលពីថ្ងៃទី១០ ខែមេសា ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនប្រមាណ ៤១៩,០០០នាក់ដែលជាទីតាំងបានរៀបចំព្រឹត្តិការណ៍នេះតាំងពីឆ្នាំ១៩៩៦៕