(កូរ៉េ)៖ ក្រុមចម្រៀងបរុសល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង BTS នាពេលថ្មីៗនេះ បានប្រកាសពីការផ្អាកសកម្មភាពជាក្រុម ដោយផ្តោតលើការងារទោស ដែលដំណឹងនេះ បានធ្វើឲ្យមានការយល់ច្រឡំជាបន្តបន្ទាប់ថា ក្រុមនេះទំនងជានឹងរំសាយ។ យ៉ាងណាមិញ ជុំវិញពាក្យចចាមអារ៉ាមនេះ BTS បានចេញមុខបដិសេដ ដោយអះអាងថា ក្រុមមិនបានរំសាយទេ គ្រាន់តែផ្តោតបន្ថែមលើសកម្មភាពទោលប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

តាមរយៈការបង្ហោះសារបដិសេធនៅលើ Weverse លោក RM ប្រធានក្រុម BTS បានបញ្ជាក់ថា «យើងនឹងព្យាយាមបង្ហាញការសម្តែងដ៏ល្អ ទាំងក្នុងក្រុម ឬជាទោល»។ លោកបាននិយាយទៀតថា លោកបានទទួលការហៅទូរស័ព្ទច្រើនបំផុតមិនធ្លាប់មាន ក្នុងអាជីពរយៈពេលប្រាំបួនឆ្នាំមកនេះរបស់លោក បន្ទាប់ពីក្រុមបង្ហាញផែនការរបស់ខ្លួន ផ្អាកពីសកម្មភាពក្រុម ដើម្បីផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើគម្រោងទោល នៅក្នុងវីដេអូ YouTube កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។

គ្រាន់តែបង្ហាញផែនការបន្ថែមក្នុងក្រុមដូចខាងលើ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈអ្នកគាំទ្រ និងបណ្តាញព័ត៌មានទាំងក្នុង និងក្រៅប្រទេស។ ជាពិសេស ពាក្យចចាមអារ៉ាមពីការរំសាយក្រុមនេះ គឺកើតមានស្របពេល ដែលសមាជិកទាំង៧នាក់របស់ BTS ប្រឈមមុខនឹងការចុះឈ្មោះម្តងមួយៗ ចាប់ពីឆ្នាំនេះដើម្បីចូលបម្រើយោធា។ នៅកូរ៉េខាងត្បូងបុរសគ្រប់រូប ត្រូវបានតម្រូវឲ្យចូលបម្រើ ក្នុងជួរយោធាប្រហែលពីរឆ្នាំ។

យ៉ាងណាមិញ ជុំវិញដំណឹងនៃការរំសាយក្រុមនេះ សមាជិករបស់ BTS ជាបន្តបន្ទាប់ បានចេញមុខបដិសេធ ព្រោះមិនមែនជាការពិត ខណៈជាក់ស្តែងក្រុមនេះ គ្រាន់តែផ្តោតលើការងារចម្រៀងទោលរៀងៗខ្លួនប៉ុណ្ណោះ ខណៈការងារជាក្រុម គឺបន្តផ្សព្វផ្សាយដដែល៕