(ភ្នំពេញ)៖ ផលិតករល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានទទួលពានរង្វាន់ «Director Producer Of The Year» (ផលិតករមានទេពកោសល្យខ្ពស់) ពីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២នេះ ខណៈកម្មវិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើង កាលពីម្សិលមិញនេះ នៅសណ្ឋាគារ Rosewood ក្រោមវត្តមានផលិតករជាតិ និងអន្ដរជាតិ ព្រមទាំងមន្ដ្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារជាច្រើននាក់។ បន្ទាប់ពីទទួលបាននូវកិត្តិយសឈ្នះពានរង្វាន់នេះហើយ ផលិតករ លៀក លីដា បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះលោកបានបន្តបេសកកម្ម ដើម្បីថតភាពយន្តរឿង «The clock» ដែលមានចំណងជើងថ្មីថា «The Clock Red Wall» នៅក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា) វគ្គទី២បន្ថែមទៀត។

ពានរង្វាន់ «Director Producer Of The Year» ដែលបានប្រគល់ជូនលោក លៀក លីដា ដ៏ភ្ញាក់ផ្អើលនេះ គឺបន្ទាប់ពីគេដឹងថាស្នាដៃរបស់ផលិតកម្ម LD ដ៏ធំមួយ ដែលបានបោះជំហានចូលទីផ្សារអន្តរជាតិ នាពេលកន្លងទៅនោះ គឺរឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock»។

ថ្លែងប្រាប់ Fres News Plus លោក លៀក លីដា បានឲ្យដឹងថា លោកពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយ សម្រាប់ការឈ្នះពានរង្វាន់មួយនេះ ពីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២នេះ ខណៈដែលកន្លងមកសម្រាប់ភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ក៏ធ្លាប់ទទួលបានពាន «Indian Horror bowl film festival International» ពីប្រទេសឥណ្ឌាម្ដងរួចមកហើយផងដែរ។ យ៉ាងណាមិញ ការឈ្នះពាននេះ គឺជាការរួមចំណែកយ៉ាងធំធែង ពីក្រុមការងារទាំងអស់របស់ផលិតកម្ម LD Picture។ ក្រៅតែពីការអរគុណក្រុមការងារ LD លោកក៏អរគុណផងដែរ ចំពោះក្រុមការងារមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានពានរង្វាន់ពីមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើកទី១១ រួចហើយនោះ មិនបង្អង់យូរផលិតករ លៀក លីដា បានបន្តគម្រោងថតវគ្គទី២របស់ខ្លួនឡើងវិញ នូវភាពយន្តរឿង «The clock» ដែលមានចំណងជើងថ្មីថា «The Clock Red Wall» នៅក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា) ក្នុងនោះនៅវគ្គទី២នេះ ត្រូវបានគេដឹងថា មានការចូលរួមសម្ដែងពីសំណាក់តារាប្រុសដ៏ល្បីម្នាក់ ប្រចាំនៅក្នុងប្រទេសភូមាតែម្ដង គឺលោក Paing Takhon ដែលបានជាប់ឈ្មោះជាតារាមានរាងសង្ហាជាងគេលើលោក។

លោក លៀក លីដា និយាយថា «ប្រទេសភូមាយើងរៀបចំមកយូរហើយ ប៉ុន្តែចង់និយាយថា យើងទៅបន្តថតវគ្គទី២ គឺ The Clock Red Wall យើងនឹងទៅឆែកមើលការងារ ដើម្បីថតបន្តឡើងវិញនៅប្រទេសភូមា ហើយថ្ងៃនេះម៉ោង២ រសៀល គឺយើងចេញទៅហើយ..!»។

ងាកមកមើលស្នាដៃនៅក្នុងប្រទេសវិញ ទន្ទឹមនឹងការទទួលបានការកោតសរសើរ ពីតំណាងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើស្នាដៃដ៏អស្ចារ្យក្នុងការផលិតរឿងកន្លងមក លោក លៀក លីដា បញ្ជាក់ថានេះ គឺជាកត្តាជំរុញលើកទឹកចិត្តថែមទៀតសម្រាប់លោក និងក្រុមការងារដើម្បីធ្វើយ៉ាងណាជួយជំរុញ និងលើកកម្ពស់ឲ្យភាពយន្តខ្មែរកាន់តែបោះជំហានទៅមុខ ជាពិសេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ផលិតកម្ម LD Picture កំពុងផលិតខ្សែភាពយន្តជាច្រើន សម្រាប់ការចាក់បញ្ចាំងទាំងរឿងភាគលើទូរទស្សន៍ និងរឿងដុំសម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា។ ក្នុងនោះក៏មានរឿង សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕