(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថាក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Qualcomm បានឈ្នះបណ្តឹងចំនួន ៩៩៧លានអឺរ៉ូ (ប្រហែល ១.០៥ពាន់លានដុល្លារអាមេរិក)។ គួររំលឹកដែរថា បណ្តឹងនេះបានកើតឡើងតាំងពី ៤ឆ្នាំមុនមកម្លេះ ដែលជាការដោះស្រាយវិបត្តិដ៏ធំមួយរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងនិយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបគឺលោកស្រី Margrethe Vestager។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ទាក់ទិនទៅនឹងបណ្តឹងខាងលើនេះ កាលពីឆ្នាំ២០១៨ កន្លងទៅគណៈកម្មការអឺរ៉ុបបានចោទប្រកាន់ ថា Qualcomm បានសូកប៉ាន់ Apple ដោយបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះក្នុងកំឡុងឆ្នាំ២០១១ ដល់ ២០១៦ ដើម្បីប្រើតែបន្ទះឈីបរបស់ខ្លួននៅក្នុង iPhone និង iPad ទាំងអស់ ដែលការលើកឡើងនេះក្នុងគោលបំណងរារាំងគូរប្រជែងដូចជា Intel Corp ជាដើម។

យ៉ាងណាមិញជុំវិញបញ្ហានេះ តុលាកំពូលរបស់សហភាពអឺរ៉ុបបានរកឃើញថាមានភាពមិនប្រក្រតីនៃនីតិវិធីមួយចំនួន ដែលបានប៉ះពាល់ដល់សិទ្ធការពាររបស់ Qualcomm។ ខណៈដែលតុលារការទូទៅ ដែលជាមហាអំណាចទីពីររបស់អឺរ៉ុបបានសម្រេចលុបចោលការចោទប្រកាន់ខាងលើនេះ និងបានទម្លាក់កំហុសទៅលើលោកស្រី Vestager ជុំវិញការដោះស្រាយសំណុំរឿងនេះ។ តែយ៉ាងណាមិញគណៈកម្មការអឺរ៉ុបមិនបានបង្ហាញការរកឃើញពាក់ព័ន្ធនឹងករណីនេះនោះឡើយ។

គួរជម្រាបដែរថា នេះគឺជាការបរាជ័យដ៏ធំលើកទីពីរសម្រាប់លោកស្រី Margrethe Vestager ដោយកាលពីខែមករាកន្លងទៅលោកស្រីបានបាត់បង់ការគាំទ្ររបស់តុលាការក្នុងទំហំទឹកប្រាក់ ១.០៦ពាន់លានអឺរ៉ូ សម្រាប់ការផាកពិន័យលើក្រុមហ៊ុន Intel ជុំវិញការប្រឆាំងនឹងក្រុមហ៊ុនប្រកួតប្រជែង Advanced Micro Devices ផងដែរ៕