(អឺរ៉ុប)៖ ប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយថា ការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe «បានផ្លាស់ប្តូរក្តីស្រមៃរបស់គាត់» បន្ទាប់ពីរូបគេបានបដិសេធមិនចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញមួយនេះពីក្លិប Paris Saint Germain។ នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

បុរសវ័យ ២៣ឆ្នាំ Mbappe បានសម្រេចចុះកិច្ចសន្យាថ្មីជាមួយ PSG នៃលីគកំពូលបារាំង Ligue 1 រយៈពេល ៣ឆ្នាំបន្ថែម បន្ទាប់ពីមានការទាក់ទងចង់បានពីសំណាក់ Real នៃលីគអេស្ប៉ាញ La Liga នាប៉ុន្មានរយៈពេលកន្លងមកនេះ។

លោក Perez បានលើកឡើងថា «គាត់មានក្តីសុបិនចង់លេងជាមួយ Real Madrid ហើយយើងចង់ធ្វើវាកាលពីខែសីហាឆ្នាំមុន ប៉ុន្តែពួកគេមិនឲ្យគាត់ចេញ ដោយគាត់នៅតែនិយាយថា ចង់លេងឲ្យ Real Madrid»។

ក្នុងនោះបើយោងតាមអ្នកជំនាញបាល់ទាត់របស់អេស្ប៉ាញ លោក Guillem Balgue បានបង្ហាញថា ខ្សែប្រយុទ្ធ Mbappe បានព្រមលើកញ្ចប់ហិរញ្ញវត្ថុជាមួយក្លិប Real Madrid ជាច្រើនខែមកហើយ មុនពេលសម្រេចជ្រើសរើសបន្តស្នាក់នៅជាមួយ PSG។

ចំណែកប្រធានលីគ La Liga ក៏បានចាត់ទុកហេតុផលទាំងនេះជាការមិនគោរពច្បាប់យុត្តិធម៌ផ្នែកហិរញ្ញវត្ថុ (Financial Fair Play) ដោយមានការខឹងសម្បាយ៉ាងខ្លាំងដែលបានដាក់ពាក្យបណ្តឹងទៅកាន់សហ័ពន្ធបាល់ទាត់ UEFA ចំពោះការរំលោភបំពានរបស់ PSG និង Manchester City ក្នុងពេលនេះ៕