(អាប៊ីឌីន)៖ ក្លិបបាល់ទាត់ស្កុតឡេន Aberdeen បានទទួលយកការផ្តល់ឲ្យ តម្លៃ៤.៥លានផោនពីក្លិប Liverpool សម្រាប់ការផ្ទេរយកខ្សែការពារខាងស្តាំ វ័យ១៨ឆ្នាំ Calvin Ramsay។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កិច្ចសន្យានេះ ក៏រួមបញ្ចូលផងដែរ នូវប្រាក់បន្ថែម៣លានផោនទៀតដែរ។

កីឡាករលំដាប់អន្តរជាតិស្កុតឡេន Under-21 រូបនេះ បានព្រមព្រៀងលើកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយគ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរទៅក្លិបនេះ បន្ទាប់ពីការពិនិត្យសុខភាពរបស់លោក នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

កីឡាករ Ramsay បានលេង ៣៩ប្រកួត, ក្នុងនោះ៣៣ប្រកួត នៅរដូវកាលមុន សម្រាប់ Aberdeen ដែលលេងនៅលីគ Scottish Premiership បន្ទាប់ពីទទួលការបណ្តុះបណ្តាលតាមរយៈក្រុមយុវជន។

ខ្សែការពារនេះ បានជាប់ជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ ដោយសមាគមអ្នកនិពន្ធបាល់ទាត់ស្កុតឡេន កាលពីខែមេសា បន្ទាប់ពីយុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍មួយ បើទោះបីជាការបញ្ចប់ ក្នុងចំណាត់ថ្នាក់ទី១០ ក្នុងលីគដ៏គួរឲ្យខកចិត្តរបស់ក្លិប Aberdeen ក្តី។

នៅពេលកិច្ចសន្យានេះបានសម្រេច Ramsay នឹងក្លាយជាកីឡាករទី៣ ដែលបានផ្ទេរទៅកាន់ Liverpool ក្នុងរដូវក្តៅនេះ បន្ទាប់ពីការនាំយកខ្សែប្រយុទ្ធអ៊ុយរ៉ូហ្គាយ Darwin Nunez មកពីក្លិប Benfica ក្នុងតម្លៃ៦៤លានផោន និងខ្សែប្រយុទ្ធ Fabio Carvalho ក្នុងតម្លៃ៥លានផោនមកពីក្លិប Fulham៕