(ឡេកសេ)៖ Lecce ដែលជាក្លិបចំណូលថ្មីលេងនៅលីគកំពូលអ៉ីតាលី Serie A បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធលំដាប់អន្តរជាតិសញ្ជាតិហ្គាប៊ី កីឡាករ Assan Ceesay លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះបានចូលរួមជាមួយ Lecce ក្រោយចាកចេញពីក្លិប FC Zurich ដែលជាម្ចាស់ពានរង្វាន់ជើងឯកលីគ Swiss ដោយបានស៊ុតបញ្ចូលទី ២២គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៦ប្រកួត សម្រាប់ក្លិបកាលពីរដូវកាលមុន។

Ceesay បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Lecce និងជម្រើសអាចបន្តមួយឆ្នាំថែមទៀត។

ក្លិប Lecce បានវិលត្រឡប់ឡើងទៅលេងនៅលីគកំពូល Serie A វិញ បន្ទាប់ពីអវត្តមាន ២ឆ្នាំ ក្រោយពីបានបញ្ចប់ដោយឈរនៅកំពូលតារាង Serie B ក្នុងរដូវកាល២០២១-២២៕