(បរទេស)៖ ត្រកូលស្មាតហ្វូន Samsung Galaxy Z Fold 4/ Flip 4 ដែលនឹងមកដល់នាពេលខាងមុខរបស់ Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែសីហាខាងមុខនេះ។ ខណៈព័ត៌មានចុងក្រោយបានបង្ហាញថា Galaxy Z Fold 4 ត្រូវបានគេប្រទះឃើញចេញផ្សាយនៅលើ Geekbench ដែលវាមានការឌីហ្សាញដូចគ្នាបេះបិទទៅនឹងអ្នកកាន់តំណែងមុន រួមទាំងទទួលបានការអាប់ដេតទៅលើតែផ្នែក Hardware ប៉ុណ្ណោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

យោងតាមរូបភាព Screenshot មួយសន្លឹកដែលបង្ហោះដោយប្រភពខាងលើបានឱ្យឃើញថា Samsung Galaxy Z Fold 4 បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងលេខម៉ូដែល SM-F936U ដែលជាកំណែរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញនៅក្នុង Screenshot នោះបានបង្ហាញថា Galaxy Z Fold 4 នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 និងត្រូវបានបំពាក់បន្ទះឈីប Snapdragon 8+ Gen 1 រួមជាមួយនឹង SoC អមនឹង RAM ទំហំ 12GB ។

នោះអាចជាជម្រើស RAM តែមួយគត់ចាប់តាំងពី Galaxy Z Fold 3 ដែលមកជាមួយតែជម្រើស RAM 12GB តែប៉ុណ្ណោះ ហើយគេមិនរំពឹងថា Samsung នឹងបញ្ជេញម៉ូដែល RAM 16GB នោះទេ។ ខណៈដែលចំនួន RAM ទំនងជានៅដដែល Samsung ក៏ត្រូវបានគេរំពឹងទៀតថានឹងបង្កើនទំហំ Storage ពី 512GB នៅលើ Fold 3 ដល់ទៅ 1TB នៅលើស្មាតហ្វូនជំនាន់ក្រោយ Fold 4 ថែមទាំងទទួលបានថាមពលថ្មដល់ទៅ4,400 mAh រួមទាំងមានទម្ងន់ស្រាលជាង Fold 3 ថែមទៀតផង។

តាមរយៈរូបភាព Screenshot ដដែលនេះ ក៏បានបង្ហាញឲ្យយើងដឹងផងដែរថា Samsung Galaxy Z Fold 4 មានសមត្ថភាពអាចទាញយកពិន្ទុ Single-Core ពី Geekbench បានខ្ទង់ ១៣៥១ និងពិន្ទុ Multi-Core បានខ្ទង់ ៣៨០៨ ឯណោះ។

ដោយឡែកពាក្យចចាមអារាមនេះក៏បានអះអាងផងដែរថា ស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 4 នឹងមានផ្នត់ស្នើងជាង ហើយមើលទៅ Smooth ជាងម៉ូដែល Fold 3។ ខណៈដែលប្រភពមិនបានបង្ហាញពីស្មាតហ្វូន Galaxy Z Flip 4 នោះឡើយ៕