(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស បានបង្ហាញភាពខ្លាំងមុនព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Women’s European Championship 2022 ចាប់ផ្តើមនាខែក្រោយនេះ តាមរយៈបំបាក់គូប្រជែងប៊ែលហ្សិក ក្នុងលទ្ធផល ៣ទល់នឹង០ នៃជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ។

Chloe Kelly ខ្សែបម្រើស្លាបមកពីក្លិបក្នុងស្រុក Manchester City ជាអ្នករកបានគ្រាប់បែកពងមាន់នៅដើមវគ្គទី២ បន្ទាប់ពីប្តូរចូល ដ្បិតរូបនាងបានអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសរយៈពេល ១ឆ្នាំទៅហើយ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ មុនពេលដែល Rachel Daly បានទាត់ Volley ចូលគ្រាប់ទី២ នៅ៤នាទីបន្ទាប់ នៅពេលគ្រាប់ទី៣ កើតឡើងដោយបាល់ចូលទីខ្លួនឯងរបស់កីឡាការិនីចាំទីប៊ែលហ្សិក Nicky Evrard នៅពីមុខអ្នកទស្សនាផ្ទាល់តែជិត ១ម៉ឺននាក់ប៉ុណ្ណោះ។

តាមរយៈលទ្ធផលឈ្នះនៅកីឡដ្ឋាន Molineux ដែលទឹកដីរបស់ក្លិប Wolves នេះ វាបានក្លាយជាជ័យជម្នះលើកដំបូង ក្នុងចំណោម ៣ប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមនារីអង់គ្លេស មុនព្រឹត្តិការណ៍ Euros ចាប់ផ្តើមខែក្រោយនេះក្នុងប្រទេសរបស់ពួកគេ ដោយមាន ១៦ក្រុមចូលរួម និងហូឡង់ ជាក្រុមការពារតំណែងជើងឯក។

ក្នុងនាមជាម្ចាស់ផ្ទះ អង់គ្លេសត្រូវបើកឆាកប្រកួតមុនគេទល់នឹងស្រ្តីអូទ្រីស នៅឯកីឡដ្ឋាន Old Trafford នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានបូរពណ៌ខ្មៅនៅលើដៃផងដែរ ដើម្បីជាការចូលរួមរំលែកទុក្ខដល់អ្នកចាត់ការទូទៅ លោកស្រី Wiegman ដែលទើបបាត់បង់បងស្រីកាលពីដើមខែមិថុនានេះ៕