(ភ្នំពេញ)៖ ក្រុមហ៊ុនខូហ្វី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្លឹបបាល់ទាត់បឹងកេត គោលដៅដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងការប្រកួតប្រជែងនៅតំបន់ ជាពិសេសព្រឹត្តិការណ៍អាស៊ានក្នុងឆ្នាំ ២០២៣ (SEA Games 2023) ខាងមុខនេះ។

លោកស្រី ឈាន ឃីម អគ្គនាយិការក្រុមហ៊ុនខូហ្វី បានឲ្យដឹងថា «ក្នុងនាមខ្ញុំជាអគ្គនាយិការក្រុមហ៊ុនខូហ្វី និងតំណាងឲ្យក្រុមហ៊ុនខូហ្វីទាំងមូល ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានចុះហត្ថលេខា ក្នុងកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន ខូហ្វី និងក្លឹបបឹងកេត ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងការប្រកួតប្រជែងនៅតំបន់ និងជាសកល ជាពិសេសព្រឹត្តិការណ៍អាស៊ាន ក្នុងឆ្នាំ២០២៣ (SEA Games 2023) ខាងមុននេះ ដែលនឹងប្រារព្ធឡើងនៅព្រះរាជាណាចក្រកម្ពុជា»

អគ្គនាយិការក្រុមហ៊ុនខូហ្វីរូបនេះ បានបញ្ចាក់ទៀតថា ដោយបានមើលឃើញពីចក្ខុវិស័យដូចគ្នា និងរួមគ្នា ក្នុងការលើកស្ទួយមុខមាត់ជាតិ និងផលិតផលជាតិ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កីឡាករបាល់ទាត់កម្ពុជានឹងអាចឈានទៅមុខ និងរីកចំរើនបានមួយកម្រិតទៀត និងសំណូមពរដល់ប្រជាជនកម្ពុជា ចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដើម្បីកិត្យានុភាព និងមោទនភាពលើឆាអន្តរជាតិ ។

គួររំលឹកផងដែរថា ក្រុមហ៊ុនខូហ្វី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលបាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗទូទាំងពិភពលោក មកកាន់ទីផ្សារកម្ពុជា។

ខូហ្វីជាក្រុមហ៊ុនក្នុងស្រុកធំជាគេ ដែលមានបំណងអភិវឌ្ឍន៍ម៉ាកកាហ្វេ ដែលផលិតបានទៅកាន់ទីផ្សារអន្តរជាតិរួមមាន កាហ្វេអរុណ សាយ័ណ្ហ គិរី និងសាគរ ដែលជាកាហ្វេសម្រាប់អាជីវកម្ម រួមទាំង វាយោ និងវេហា ដែលជាកាហ្វេសម្រាប់ការទទួលទាន តាមគេហដ្ឋាន និងការិយាល័យ។

បន្ថែមពីនេះទៅទៀត ក្រុមហ៊ុនខូហ្វី បាននិងកំពុងចែកចាយម៉ាស៊ីនឆុងកាហ្វេ និងគ្រឿងផ្សំផ្សេងៗ រួមទាំងសេវាកម្មគ្របដណ្តប់ទូទាំងផ្ទៃប្រទេស តាមរយៈសាខាចំនួន៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

សម្រាប់គម្រោងនាពេលអនាគត ក្រុមហ៊ុនមានគម្រោងពង្រីកសាខារបស់ខ្លួន នៅខេត្តកំពត និងតំបន់ដែលកំពុងលូតលាស់ផ្សេងទៀត ដើម្បីធានាបាននូវការគាំទ្រ អោយកាន់តែមានប្រសិទ្ធិភាព សម្រាប់ដៃគូអាជីវកម្មរបស់ខ្លួន៕