(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ បានផ្ដល់ការបណ្ដុះបណ្ដាលវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍សរុបចំនួន៤៩នាក់ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានណែនាំឱ្យមគ្គុទេសក៍ទេសចរណ៍ដែលបានសិក្សាវគ្គវិក្រឹតការពិសេសនេះ ចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗឱ្យគ្នាទៅវិញទៅមក ដោយអ្នកចេះច្រើនបង្ហាញអ្នកចេះតិច នោះវិស័យទេសចរណ៍កាន់តែរីកចម្រើន។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា រំពឹងថា មេរៀនដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍បានផ្តល់ជូនដល់សិក្ខាកាមទាំងអស់គ្នា វាជាចំណេះដឹងថ្មីៗ ជាពិសេលទ្ធផលនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងជំនឿអរូបបីនៅក្នុងតំបន់អង្គរ ដែលជាព័ត៌មានជាក់លាក់បែបវិទ្យាសាស្រ្ត ទុកជាទុនបន្ថែមសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។

លោកបានសំណូមពរដល់សិក្ខាកាម និងភាគីពាក់ព័ន្ធមានការសហការល្អជាមួយគ្នា យកគ្នាធ្វើជាដៃគូពិភាក្សា ទោះបីបំពេញការងារខុសគ្នា ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមានគោលដៅ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ទាំងអស់គ្នា។

សិក្ខាកាម អ្នកស្រី អៃ ផារីណាន មគ្គុទេសក៍ទេសចរណ៍ភាសាបារាំងមកពីសមាគមខ្មែរអង្គរ បានឱ្យដឹងថា ក្រោយពេលចូលសិក្សាវគ្គវិក្រិតការរយៈពេល១០ថ្ងៃមកនេះ ទទួលបានចំណេះច្រើន ហើយអ្វីដែលមិនធ្លាប់ដឹងពីមុន ឥឡូវបានទទួលមកបំពេញចន្លោះខ្វះខាតកន្លងមក និងយល់ដឹងពីទិន្នន័យការស្រាវជ្រាវថ្មីៗដែលអាជ្ញាធរជាតិអប្សរាបង្ហាញតាមការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសតួនាទីរបស់អាជ្ញាធរជាតិអប្សរា។ អ្នកស្រី អៃ ផារីណាន នឹងយកចំណេះនេះ ទៅបង្ហាញជូនដល់ភ្ញៀវទេសចរដែលអ្នកស្រីដឹកនាំទស្សនាក្នុងតំបន់អង្គរផង។

សិក្ខាកាមមួយរូបទៀត លោក សឿន សារុន ជាអនុប្រធានសហគមន៍មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងវគ្គវិក្រិតការពិសេសនេះ។ លោកឱ្យដឹងថា វគ្គវិក្រិតការនេះ ជួយសម្រួចនូវជំនាញមគ្គុទេសក៍ទេសចរណ៍ ដើម្បីយកទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស ជាពិសេសចំណេះដឹងថ្មីៗពីការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ ប្រាសាទព្រហ្មកិល និងការបកស្រាយសិលាចារឹកមួយចំនួនទៀត ដែលចំណុចសំខាន់ៗទាំងនេះ បានបង្កើនចំណេះដឹងបន្ថែមទៀត។

លោក សឿន សារុន យល់ថា វគ្គវិក្រិតការពិសេសនេះពិតជាសំខាន់សម្រាប់មគ្គុទេសក៍ក្នុងការបន្ថែមចំណេះដឹងកាន់តែប្រសើរឡើង។ លោកក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើងនាពេលអនាគតជាបន្តបន្ទាប់ទៀត សម្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍មានឱកាសចូលរួមសិក្សាក្នុងវគ្គវិក្រិតការពិសេសនេះ ទទួលបានចំណេះដឹងថ្មីៗមានភាពច្បាស់លាស់ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរកាន់តែទូលំទូលាយ៕