(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងត្រូវហែចេញពីកម្ពុជានៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីពានមាសសុទ្ធទម្ងន់ ៦.១គីឡូក្រាម ដែលមានតម្លៃធានារ៉ាប់រង ២០០លានដុល្លារនេះ មានវត្តមាននៅកម្ពុជា រយៈពេល៣ថ្ងៃ។
សូមរំឮកថា ដំណើរទេសចរណ៍របស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលនាំមកដោយបេសកជនពិសេស FIFA និងជាសមាជិកក្រុមជើងឯកបារាំង ឆ្នាំ១៩៩៨ លោក Christian Karember មុនដង្ហែពាននេះ ទៅវិមានសន្ដិភាព ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញនូវមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូង ចំពោះពានដ៏មានអត្ថន័យ ដែលជានិមិត្តរូបតំណាងឲ្យមនុស្សជាតិលើពិភពលោកទាំងមូលនេះ ។ សម្ដេចតេជោ ហ៊ុន សែន គឺជាពលរដ្ឋកម្ពុជាដំបូងគេ ដែលបានថើប និងលើកពានរង្វាន់បាល់ទាត់ពិភពលោក ។
នៅថ្ងៃដដែល បន្ទាប់ពីការទទួលស្វាគមន៍ និងលើកពានផ្ទាល់ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ពាននេះ ត្រូវបានដាក់តាំងឲ្យប្រជាពលរដ្ឋកម្ពុជា បានចូលទស្សនា និងថតរូបអនុស្សាវរីយ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទីកន្លែងដែលកម្ពុជាត្រៀមប្រារព្ធពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ជាមួយគ្នានោះ មានប្រជាពលរដ្ឋ យុវជន-យុវជនជាច្រើនពាន់នាក់ បានចូលទស្សនា និងថតរូបជាមួយពានដ៏មានតម្លៃនេះ ។
យ៉ាងណាក្ដី ដោយសារកត្ដាសុខសន្ដិភាព ពានរង្វាន់បាល់ទាត់ពិភពលោក ត្រូវបានតម្កល់ទុកនៅប្រទេសកម្ពុជា រហូតដល់ល្ងាចថ្ងៃទី១៧ ខែមិថុនានេះ ទើបដង្ហែទៅកាន់ប្រទេសបន្ដបន្ទាប់ចំនួន ៣០ប្រទេសទៀត មុនដាក់ឲ្យធ្វើការប្រកួតប្រជែងក្នុងជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅទីក្រុងដូហា ប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ។
គួរបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៥១ប្រទេស ដែលត្រូវបាន FIFA ជ្រើសរើសសម្រាប់រៀបចំដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ។ វត្តមានពាននេះនៅកម្ពុជា បានទាក់ទាញក្រសែភ្នែកពលរដ្ឋរាប់លាននាក់នៅលើពិភពលោក មិនថាតែប្រជាពលរដ្ឋកម្ពុជានោះទេ៕