(ព័រតូ)៖ ក្លិប FC Porto ម្ចាស់ពានរង្វាន់ជើងឯក Portuguese បានសម្រេចកិច្ចព្រមព្រៀងមួយ ក្នុងការផ្ទេរខ្សែបម្រើប្រយុទ្ធ Fabio Vieira ទៅកាន់ក្លិប Arsenal ដែលលេងនៅ Premier League ក្នុងតម្លៃ ៤០លានអឺរ៉ូ (៤២លានដុល្លារ)។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

Porto បានលើកឡើងថា Arsenal នឹងបង់ប្រាក់ដំបូង ៣៥លានអឺរ៉ូជាមួយនឹងប្រាក់ ៥លានអឺរ៉ូបន្ថែមទៀត ពឹងផ្អែកលើកីឡាករវ័យ២២ឆ្នាំរូបនេះ សម្រេចគោលដៅរបស់លោកនៅឯក្លិបអង់គ្លេសនេះ។

កីឡាករ Vieira ដែលបានលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅកម្រិត Under-21 នោះបានស៊ុតបញ្ចូលទី៧គ្រាប់ និងជួយឲ្យរកគ្រាប់បាល់ ១៦គ្រាប់ ពីការបង្ហាញខ្លួន៣៩ប្រកួតទាំងអស់កាលពីរដូវកាលមុន ខណៈក្លិប Porto បានឈ្នះពានរង្វាន់ Portuguese និង Cup។

ចំណែកកាំភ្លើងធំ Arsenal វិញបានបញ្ចប់នៅចំណាត់ថ្នាក់ទី៥ ក្នុងលីគ Premier League កាលពីរដូវកាលមុន៕