(អាមេរិក)៖ កំពូលតារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Beyoncé ប្រកាសពីការចេញអាល់ប៊ុមថ្មីជាលើកដំបូង ក្នុងរយៈពេល៦ឆ្នាំមកនេះ ខណៈវានឹងត្រូវបញ្ចេញនៅខែក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

នាពេលថ្មីៗនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន តារាស្រីវ័យ ៤០ឆ្នាំ Beyoncé បានសរសេរពាក្យប៉ុន្មានម៉ាត់ ទាក់ទងនឹងអាល់ប៊ុមចម្រៀងថ្មី និងបានបញ្ចូលថ្ងៃទី២៩ ខែកក្កដា នៅលើប្រវត្តិរូបសង្ខេបរបស់នាងផងដែរ។ បន្ទាប់មកគេក៏បានឃើញសេវាកម្មស្ដាប់ចម្រៀង Spotify និងសេវាកម្ម Apple បានបង្ហោះរូបភាពសម្រាប់អាល់ប៊ុមចម្រៀងថ្មីរបស់ Beyoncé ជាហូរហែទៀតផង។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងល្បីឈ្មោះ Beyoncé មិនបានចេញបទចម្រៀងថ្មីច្រើននោះទេ ដោយភាគច្រើននាងបានច្រៀងអមជាមួយសិល្បករដទៃ និងបានរៀបចំអាល់ប៊ុមចម្រៀងមួយសម្រាប់គំនូរជីវចល «The Lion King» ដែលចេញកាលពីឆ្នាំ២០១៩។ អាល់ប៊ុមចម្រៀងចុងក្រោយរបស់ Beyoncé បានចេញផ្សាយកាលពីឆ្នាំ២០១៦ មានឈ្មោះថា «Lemonade»