(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសរៀបចំការប្រកួតកីឡាជិះកង់កម្សាន្ដ នៅខេត្តកែបនាសប្ដាហ៍ក្រោយ ដើម្បីចូលរួមអបអរសាទរ និងផ្សព្វផ្សាយពីទិវាអូឡាំពិក (Olympic Day) ផង និងផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង។

យោងតាមការជូនដំណឹងរបស់ NOCC បានឲ្យដឹងថា កម្មវិធីនេះគ្រោងធ្វើឡើង ២ថ្ងៃ ដោយនៅថ្ងៃទី២២ ខែមិថុនា ក្រុមការងារ NOCC នឹងធ្វើការផ្សព្វផ្សាយស្ដីពីគុណតម្លៃកីឡាអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដល់សិស្សានុសិស្សប្រមាណជាង ១០០នាក់នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។

ដោយឡែកនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ NOCC នឹងរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរព្រឹត្តិការណ៍ខាងលើ តែកម្មវិធីនេះ មិនផ្ដោតលើការប្រកួតប្រជែងនោះទេ គឺជាការជិះលក្ខណៈកម្សាន្ដជុំវិញក្រុងកែប ដោយចេញដំណើរ និងបញ្ចប់នៅឆ្នេរសមុទ្រ «ស្រីស»។ តាមគម្រោងមានសមាជិកចំនួន ៥០នាក់ នឹងចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅទីនោះចូលរួមដែរ៕