(លីវើភូល)៖ ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងក្នុងការលក់កីឡាករខ្សែប្រយុទ្ធជួរមុខ Sadio Mane ទៅឲ្យក្រុមជើងឯកអាល្លឹម៉ង់ Bayer Munich ក្នុងតម្លៃប្រមាណ ៣៥លានផោន។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Liverpool នឹងទទួលលុយសុទ្ធដំបូង ២៧.៤លានផោន និងប្រាក់បន្ថែម ៥លានផោនទៀតក្រោមលក្ខខណ្ឌចូលលេងរបស់ Mane និង ២.៥៧លានផោនទៀត ផ្នែកទៅការចង់បាន និងសម្រេចជោគជ័យរបស់ក្លិប Bayern។
ក្នុងរយៈពេល ៦ឆ្នាំមកនេះ ប្រធានក្រុមជម្រើសជាតិសេណេហ្គាល់ខាងលើនេះ ស៊ុតបញ្ចូលទីសរុបបាន ១២០គ្រាប់គ្រប់កម្មវិធីទាំងអស់របស់ Liverpool ក្រោយផ្ទេរចេញពីក្លិបរួម Premier League គឺ Southampton ក្នុងឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណជាង ៣០លានផោន។ តាំងពីពេលនោះមក Mane រកបាន ៩០គ្រាប់នៅលីគកំពូលអង់គ្លេស និងរដូវកាលមុនរកបាន ២៣គ្រាប់ផងដែរគ្រប់កម្មវិធី ដ្បិតក្លិបឈ្នះពាន២ និងរងជើងឯក២ ដូចគ្នា។
ការចាកចេញរបស់ Mane ក្រោយពេលការមកដល់របស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ Darwin Nunez ពីក្លិប Benfica ក្នុងតម្លៃប្រមាណ ៦៤លានផោន៕