(ភ្នំពេញ)៖ ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol (រដូវកាលទី៤) ដ៏ល្បីល្បាញនៅលើកម្ពុជា គេឃើញមានបេក្ខជនមួយរូបឈ្មោះ រ៉ុង ណារើន ដែលបានចូលរួមប្រឡងវគ្គ Judge Audition សប្ដាហ៍ទី៥ បេក្ខជនរូបនេះមានប្រវត្តិពុះពារយ៉ាងច្រើន មុនឈានដល់ការចូលរួមប្រឡងក្នុងកម្មវិធីដ៏ល្បីទូទាំងពិភពលោក និងនៅប្រទេសកម្ពុជានេះ។

ខាងក្រោមនេះជាការរៀបរាប់ពីដំណើរជីវិតរបស់បេក្ខជន រ៉ុង ណារើន តាំងពីកុមាររហូតដល់ពេលដែលរូបគេមានឱកាសបានឡើងប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤៖

* កំព្រាឪពុកតាំងពីក្មេង

រ៉ុង ណារើន កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០១ នៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានឪពុកឈ្មោះ ឡាច រ៉ុង និងម្ដាយឈ្មោះ ខាត់ វលក្ខណ៍។ ណារើន កំព្រាឪពុកតាំងពីអាយុមិនដល់៧ឆ្នាំផង ហើយរូបគេនិងប្អូនប្រុសម្នាក់ទៀតបានបន្តរស់ជាមួយម្ដាយនិងជីដូនក្នុងជីវភាពជាអ្នកស្រែចម្ការ។ សំបុកដែលគ្មានបាជាទីពឹងពិតជាមិនងាយស្រួលឡើយ ខ្លួនណារើនក៏នៅក្មេង ម្ដាយត្រូវចិញ្ចឹមប្អូនតូចផង ចិញ្ចឹមណារើនដែលនៅក្មេងដែរផង ម្យ៉ាងក៏មិនមានផ្ទះសម្បែងសម្រាប់ខ្លួនឡើយ (រស់នៅជាមួយជីដូនខាងម្ដាយ) រៀនបណ្ដើរជួយការងារស្រែចម្ការអ្នកផ្ទះបណ្ដើរ ពេលទំនេរពីសាលាណារើនត្រូវទៅឃ្វាលក្របីជាមួយគេឯង។

ម្ដាយរបស់ណារើន លោកស្រី ខាត់ វលក្ខណ៍ បានឱ្យដឹងថា ជីវិតកាលពីក្មេងរបស់ណារើនគឺកម្សត់ណាស់ បន្ទាប់ពីបាត់បង់ឪពុកដែលជាទីពឹង។ ថ្វីដ្បិតណារើនកំព្រាឪពុក ប៉ុន្តែគេនៅតែទទួលបានការអប់រំល្អ មិនដែលបង្ករឿងឱ្យគ្រួសារពិបាកម្ដងណាឡើយ។ លោក អាន គុន្ធធារ៉ា ជាអ្នកភូមិកំពង់ប្រដំដែលនៅជិតនឹងផ្ទះណារើនក៏បានបញ្ជាក់ដែរថា លោកបានស្គាល់ បានដឹងពីការរស់នៅរបស់ណារើនតាំងពីក្មេងមក រឿងដែលគេកំព្រាឪពុក តែគេមានអត្តចរិត ភាពស្មោះត្រង់ និងសីលធម៌ សុជីវធម៌ល្អ។ លោកបន្តថា បរិបទក្នុងភូមិកំពង់ប្រដំមិនដែលមានក្មេងស្ទាវ ឬក្មេងទំនើង ដែលបង្កហិង្សាវាយតប់គ្នានោះឡើយ ដូច្នេះណារើនក៏មិនមានហេតុផលអ្វីដែលគេជាក្មេងមិនល្អនោះដែរ។

* ចង់ប្រឡងចម្រៀង តែគ្មានឱកាស

និយាយទៅគួរឱ្យអស់សំណើច! រ៉ុង ណារើន ចូលចិត្តច្រៀងតាំងពីក្មេង ប៉ុន្តែចម្រៀងរបស់គេ មានតែអ្នកភូមិ វាលស្រែ និងគោក្របីប៉ុណ្ណោះដែលគាំទ្ររូបគេរហូតមក។ លោក អាន គុន្ធធារ៉ា បានបន្តទៀតថា «ខ្ញុំធ្លាប់ទៅឃ្វាលគោក្របីជាមួយណារើន គាត់ចូលចិត្តច្រៀង ទោះបីមិនពីរោះដូចគេតារា តែគាត់ពូកែច្រៀង ហើយគេឯងក៏ចូលចិត្ត»

ទាំងម្ដាយរបស់ណារើន និងអ្នកជិតរបស់គេបានឱ្យដឹងថា ណារើន ធ្លាប់ប្រាប់ពីក្ដីស្រមៃចង់ទៅប្រឡង ទោះក្នុងកម្មវិធីអ្វីក៏ដោយ ដើម្បីបានក្លាយជាតារាចម្រៀងដូចគេ តែពីមុនគាត់មិនទាន់មានឱកាស និងគ្មានប្រវត្តិច្រៀងជាសាធារណៈឡើយ ទើបតែពេលនេះទេដែលគាត់បានទៅប្រឡងកម្មវិធី Cambodian Idol នឹងគ្នានោះ។

* ចូលប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤

ជារឿយៗ ណារើន តែងចូលចិត្តមើលកម្មវិធីប្រឡងជាច្រើន ដូចជា កម្មវិធី The Voice Cambodia កម្មវិធី Cambodian Idol កម្មវិធី Beat the Best Cambodia កម្មវិធី X Factor Cambodia ជាដើម ហើយចង់ចូលរួមប្រឡងនឹងគេដែរ។ រហូតកម្មវិធី Cambodian Idol រដូវកាលទី៤ ឈានមកដល់ ទើប រ៉ុង ណារើន សម្រេចដាក់ពាក្យតាមបណ្ដាញ Telegram ជាមួយកម្មវិធី ដើម្បីបានចូលរួមប្រឡងនឹងគេនៅវគ្គ Judge Audition ហើយកម្មវិធីក៏បានជូនដំណឹងទៅរូបគេអនុញ្ញាតឱ្យចូលរួមប្រឡងបាន។ រ៉ុង ណារើន ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះរូបគេបានឈានចូលក្នុងក្ដីស្រមៃដែលប៉ងមកជាយូរនោះហើយ គេពិតជាខិតខំហាត់សមនូវចម្រៀងជាប្រចាំ ទោះបីមិនមានគ្រូជួយប្រាប់ជួយពត់តម្រង់ ឬ Studio សម្រាប់ការហាត់សមនោះក៏ដោយ មានតែកូន Speaker និងក្បាលមេក្រូមួយសម្រាប់ច្រៀងសម និងបានសមជាមួយក្រុមការងាររៀបចំកម្មវិធីបានម្ដង មុនឡើងប្រឡងជាផ្លូវការនៅសប្ដាហ៍ទី៥ នៃកម្មវិធី Cambodian Idol រដូវកាលទី៤នោះ។

អ្វីដែលនៅតែជាការពុះពាររបស់ រ៉ុង ណារើន ទៀតនោះ គឺក្នុងពេលមកចូលរួមប្រឡងនេះរូបគេបានរកការងារជាកម្មករសំណង់ ដើម្បីបានប្រាក់ខ្លះសម្រាប់រៀបចំខ្លួនចូលរួមប្រឡងតាំងពីវគ្គដំបូង និងនៅវគ្គក្រោយៗទៀត។

គ្រប់គ្នាបានលើកទឹកចិត្តដល់ រ៉ុង ណារើន យ៉ាងខ្លាំង ទាំងនៅលើបណ្ដាញសង្គម Facebook, YouTube, Telegram និងគេហទំព័រព័ត៌មាននានា។ ណារើន ក៏មិនមានថវិកាច្រើនដែរសម្រាប់ការរៀបចំខ្លួន ប៉ុន្តែចេះតែមានអ្នកជួយទំនុកបម្រុងបន្តិចម្នាក់ៗ ដើម្បីជួយពូនជ្រែងបេក្ខជនរូបនេះបន្តទៅវគ្គបន្តបន្ទាប់ទៀត ជាមួយនឹងកម្លាំងលើកទឹកចិត្ត និងស្មារតីយ៉ាងក្លៀវក្លា។

បេក្ខជនអ្នកខេត្តកំពង់ធំរូបនេះបានអំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ អ៊ំពូមីង បងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងអស់សូមផ្ដល់ការគាំទ្រ និងបន្តការគាំទ្រចំពោះរូបគេតទៅទៀត ខណៈរូបគេក៏បានប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់បន្តទៀត ដើម្បីធ្វើឱ្យបានល្អក្នុងការប្រឡងនៅវគ្គបន្តបន្ទាប់ទៀត។ រ៉ុង ណារើន សង្ឃឹមថានឹងបានកសាងជីវភាពសមរម្យមួយលើវិថីជាអ្នកចម្រៀង និងធ្វើជាសិល្បករមួយរូបដែលជួយផ្សព្វផ្សាយពីតម្លៃសិល្បជាតិ៕