(ភ្នំពេញ)៖ បន្ទាប់ពីបានជាប់ជយលាភីគ្រងមកុដ «Miss Universe Cambodia 2022» កូនកាត់ខ្មែរ-បារាំង និងជាបវរកញ្ញាឯកតំណាងប្រទេសកម្ពុជា កញ្ញា ហង្ស ម៉ានីតា បានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នាងនឹងពាំនាំយកនូវតំបន់ទេសចរដ៏ល្អឯកនានា តំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា ព្រមទាំងមុខម្ហូបអាហារ ជាពិសេសប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីរបស់ខ្មែរ ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងក្នុងន័យទាក់ទាញទេសចរមកលេងកម្ពុជាឲ្យកាន់តែច្រើន។

ការប្ដេជ្ញាចិត្តរបស់ម្ចាស់ជយលាភីលេខ១ កញ្ញា ហង្ស ម៉ានីតា ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ម្ចាស់ហាងពេជ្រ CSNJ សហការគ្នាជាមួយនឹងលោក ម៉ែន និមលរតន៍ ប្រធានរៀបចំកម្មវិធី Miss Universe Cambodia 2022 ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និងប្រកាសពីការគាំទ្រដល់បេក្ខនារី ដែលទទួលបានជយលាភី ក្នុងចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។

ម្ចាស់មកុដ «Miss Universe Cambodia 2022» កញ្ញា ហង្ស ម៉ានីតា បានថ្លែងប្រាប់ឲ្យដឹងថា ថ្វីត្បិតតែរូបនាងជាកូនកាត់ខ្មែរបារាំង និងធំដឹងក្ដីឡើងនៅក្នុងប្រទេសបារាំង ប៉ុន្តែនាងក៏មានឈាមជ័រជាខ្មែរដែរ ហើយនាងពិតជាមានក្ដីរំភើបរីករាយណាស់ ដែលមានឱកាសគ្រងតំណែងជាបវរកញ្ញាឯក «Miss Universe Cambodia» ប្រចាំឆ្នាំ២០២២នេះ។ នាងតាំងចិត្តថា ពេលចេញប្រកួតនៅលើឆាកអន្តរជាតិដ៏ខ្លីខាងមុខនេះ នាងនឹងប្ដេជ្ញាចិត្ត នាំយកនូវតំបន់ទេសចរស្អាតៗ មានដូចជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា, អត្តចរិតរបស់ពលរដ្ឋខ្មែរ, ម្ហូបអាហាររបស់ខ្មែរ និងជាពិសេសប្រាង្គប្រាសាទអង្គរវត្ត ដើម្បីបង្ហាញជូនដល់អន្តរជាតិបានស្គាល់ថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ។

កញ្ញា ហង្ស ម៉ានីតា បានបន្តទៀតថា ខ្លួននាងផ្ទាល់ពិតជារំភើបមិនដឹងយកអ្វីមកនិយាយ និងមានកិត្តិយសខ្លាំងណាស់ ដែលបានគ្រងមកុដតំណាងកម្ពុជា ឡើងលើឆាកអន្តរជាតិ។ នាងនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ពិសេសត្រៀមបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យនៃសម្បត្តិវប្បធម៌ខ្មែរ ទេសចររបស់កម្ពុជាទៅកាន់ពិភពលោកឲ្យបានស្គាល់។

ដោយឡែកលោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលជាអ្នកជួយគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធី «Miss Universe Cambodia 2022» បានបញ្ជាក់ឲ្យដឹងថា កម្មវិធីប្រកួតជ្រើសរើសកញ្ញាឯកក្នុងឆ្នាំ២០២២នេះ គឺពិតជាមានភាពរីកចម្រើនជាងពេលមុនៗ និងចំណាយអស់ច្រើន ខណៈគ្រាន់តែមកុដដែលកញ្ញា ហង្ស ម៉ានីតា គ្រងនាពេលនេះ គឺមានតម្លៃរហូតដល់១៨ម៉ឺនដុល្លារឯណោះ។ លោកថា ទោះបីជាត្រូវចំណាយថវិកាច្រើន នៅក្នុងការជួយជ្រោមជ្រែងកម្មវិធីប្រកួតទាំងមូល រហូតជ្រើសរើសបាននូវបេក្ខនារី ដែលស័ក្តិសមក្នុងគ្រងមកុដនេះរួចហើយក្ដី ក៏លោកនៅតែមិនរុញរា ពោលគឺរូបលោកនៅតែបន្តតាមជួយដល់កញ្ញាឯករបស់កម្ពុជា ពេលចេញទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិបន្ថែមទៀត ទាំងក្ដីរំពឹងសង្ឃឹមយ៉ាងមុតមាំថា នឹងនាំមកនូវជយលាភីមកជូនជាតិមាតុភូមិវិញ។

លោក ចិន សំណាង បានលើកឡើងទៀតថា លោកពិតជាចង់ឃើញមោទនភាពរបស់កម្ពុជា តាមរយៈកម្មវិធីខាងលើ ខណៈជាច្រើនឆ្នាំមកហើយគ្រប់ការប្រកួតកម្មវិធីនេះ ឬកម្មវិធីស្រដៀងគ្នា កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា បានត្រឹមតែកំដរឆាក ខណៈប្រទេសជិតខាងយើង គេបានសាងមោទនភាព ជូនជាតិរបស់គេជាបន្តបន្ទាប់។ ក្នុងឆ្នាំនេះលោកសង្ឃឹម និងជឿជាក់ក្នុងចិត្តថា បេក្ខភាពដ៏ស័ក្តិសមរបស់កម្ពុជា គឺកញ្ញា ហង្ស ម៉ានីតា ដែលមានចំណេះដឹងខ្ពស់ ជាពិសេសការនិយាយភាសាអង់គ្លេស និងភាសាបារាំងបានយ៉ាងល្អ នឹងខិតខំប្រឹងប្រែងបញ្ចេញនូវចំណេះជំនាញ និងភាពក្លាហានរបស់ខ្លួនឲ្យអស់ពីលទ្ធភាព ពេលចូលរួមនៅលើឆាកអន្តរជាតិ ដើម្បីនាំយកជយលាភីមកជូនជាតិឲ្យទាល់តែបាន។

លោកបានសង្កត់ធ្ងន់ថា ជាធម្មតាការប្រកួតតែងតែមានជាប់មានធ្លាក់ ប៉ុន្តែលោកផ្ដាំហើយផ្ដាំទៀតថា ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កុំខ្លាចគេ កុំចុះញ៉មនឹងគេ គិតថាខ្លួនឯងត្រូវតែមានជំនឿចិត្ត កុំខ្វល់រឿងជុំវិញខ្លួន ត្រូវផ្ដោតតែលើការប្រកួត ពេលទៅដល់ប្រទេសគេ ត្រូវដេកឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានឆ្អែត ហើយរូបលោកនឹងនៅតែចាំលើកទឹកចិត្ត ជួយទាំងកម្លាំងកាយទាំងកម្លាំងចិត្ត និងថវិកា ដល់បេក្ខនារី ខណៈដែលនៅឆ្នាំ២០២២នេះ លោកនឹងត្រៀមបញ្ចូនបេក្ខនារីតំណាងប្រទេស គឺទៅឲ្យបានមុន៣ថ្ងៃ នៃការប្រកួតចាប់ផ្ដើម ដើម្បីរៀបចំខ្លួនឲ្យបានល្អ។

សូមបញ្ជាក់ថា កញ្ញា ហង្ស ម៉ានីតា ត្រូវបានប្រកាសជាម្ចាស់ជយលាភី Miss Universe Cambodia 2022 ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ បេក្ខភាពរូបនេះ ត្រូវបានគេមើលឃើញថា មានអំណោយផលទាំងព្រម ទាំងស្អាត មានចំណេះដឹងទូលំទូលាយ ព្រមអាចប្រើប្រាស់ភាសាអង់គ្លេស និងបារាំងបានយ៉ាងស្ទាត់ជំនាញ។ ទាំងនេះជាមូលហេតុដែលនាងទទួលបានជយលាភី ក្រោមការគាំទ្រយ៉ាងច្រើនពីមហាជន៕