(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រាប់ដល់យុវជនជាង១ពាន់នាក់ ដែលមកទស្សនាការប្រកួតទាត់ ពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន ទើបប្រទេសយើងនឹងក្លាយជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ ហើយកត្តាសុខសន្តិភាពនេះហើយ ទើបយើងមានឱកាសជួបជុំគ្នាលេងកីឡាបានយ៉ាងសប្បាយរីករាយ ហើយពិសេសសម្ដេចតេជោ ជាកូនខ្មែរតែម្នាក់គត់ មុនគេបង្អស់ ដែលបានលើកពានរង្វាន់មាស World Cup លំដាប់ពិភពលោកដែលមានទម្ងន់៦,១គីឡូក្រាម។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកបានអញ្ជើញក្នុងពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅកីឡាដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ស្ថិតក្នុងពិធីនេះលោក គង់ សោភ័ណ្ឌ បានបន្តថា ក្នុងសម័យតេជោ ហ៊ុន សែន, ប្រទេសកម្ពុជា មានមុខមានមាត់ ស្មើមុខស្មើមាត់ជាមួយប្រទេសនានា និងមានកិត្តិយសលើសាកលលោក។ ក្លាយទៅជាកន្លែងដែលគួរជាទី ចាប់អារម្មណ៍បំផុតដូចជា ធុរកិច្ច សាសនា វប្បធម៌ទេសចរណ៍ ពិសេសគឺវិស័យកីឡា។ ដំណើរនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក ហើយទៅជាចំណែកនៃការជួយជំរុញវិស័យកីឡាបាល់ទាត់ និងកីឡាដ៏ទៃទៀតនៅក្នុង ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពផុលផុស។ ការគាំទ្រពីមហាជនខ្មែរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ យើងធ្វើជាម្ចាស់ផ្ទះ,សូមអបអរសាទរ។

រង្វាន់លំដាប់ពិភពលោក FIFA CUP បានមានវត្តមានជាលើកដំបូងនៅលើទឹកដីកម្ពុជា ជាតឹកតាងបង្ហាញយ៉ាងច្បាស់នូវសមត្ថភាពរបស់កម្ពុជា ដល់ពិភពលោកទទួលស្គាល់ភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធីកីឡា ព្រឹត្តិការណ៍ធំៗ លំដាប់តំបន់ និងលំដាប់ពិភពលោក។ ទន្ទឹមនឹងនេះយើងមិនអាចកាត់ផ្ដាច់ពីកត្តានេះចេញពីសុខសន្តិភាពពេញលេញ ការគ្រប់គ្រងយ៉ាងជោគជ័យនៅជំងឺកូវីត១៩ ថែរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងប្រទេស ដែលអនុញ្ញាត ឲ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលដំណើរនៃពានរង្វាន់ World Cup Fifa លំដាប់ពិភពលោកដ៏ល្បីល្បាញមួយនេះ នឹងធ្វើឲ្យសហព័ន្ធបាល់ទាត់លើពិភពលោក សម្រេចផ្ដល់ការទុកចិត្តនឹងនាំពានរង្វាន់លំដាប់ពិភពលោកនេះ មកកាន់កម្ពុជា ដែលនេះពិតជាមានអត្ថន័យសមស្របនឹងពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព, Sport Live In Peace»។

លោកអភិបាលខេត្ត បានអះអាងថា «ជាមោទកភាពយ៉ាងក្រៃលែងដែលតំណាងកម្ពុជា គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកកាន់ពានរង្វាន់លំដាប់ពិភពលោក ជានិមិត្តរូបនេះដោយផ្ទាល់ ហើយពានរង្វាន់នេះ បានមកដល់ កម្ពុជាហើយ ដែលបងប្អូនយុវជន-យុវតី និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានឃើញ និងបានទស្សនារួចរាល់ហើយដែរ, ញ៉ាំងឲ្យទឹកចិត្តប្រជាពលរដ្ឋមានមោទកភាពនិងសប្បាយរីករាយឥតឧប្បមា សូមអបអរមោទកភាព ទាំងអស់គ្នា»។

លោកអភិបាលខេត្តបញ្ជាក់ទៀតថា ប្រទេសកម្ពុជាជាសមាជិក FIFA , ការគោចររបស់ពានរង្វាន់លំដាប់ពិភពលោក FIFA World Cup នឹងក្លាយជាចំណែកមួយក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ផ្ដល់នូវកម្លាំងចិត្តដល់ កីឡាករ យុវជននិងសាធារណជនជាទីស្នេហា គាំទ្រវិស័យកីឡាទាំងអស់ក្នុងការលើកកម្ពស់វិស័យកីឡា ឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងដំណើរឆ្ពោះទៅកាន់ការរៀបចំកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាដែលជាម្ចាស់ផ្ទះ។ បានផ្ដល់ឱកាសដល់យុវជន បំពេញនូវក្ដីប្រាថ្នារបស់ខ្លួន ចង់បញ្ចេញសមត្ថភាពទេពកោសល្យ បានផ្ដល់ការគាំទ្រពីទស្សនិកជននិងសាធារណៈជន ពោរពេញទៅដោយស្នាមញញឹម សំឡេងហ៊ោកញ្ជ្រៀវចំណីចក្ខុ សាមគ្គីភាព មិត្តភាព ភាតរភាព ទំនាក់ទំនងជាសារវ័ន្តដែលមិនអាចខ្វះបាន លេងកីឡាដើម្បីសាមគ្គីភាពមិត្តភាពភាតរភាពនិងការអប់រំ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សក៏ដូចជា យុវវ័យទាំងអស់ ត្រូវនាំគ្នាលេងកីឡាដែលអាចឲ្យសិស្សានុសិស្សក៏ដូចជាយុវជន ទទួលបាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ព្រមទាំងដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ។ «យើងរួមគ្នាអភិវឌ្ឍន៍ វិស័យកីឡា ក្រោមម្លប់សន្តិភាព ដើម្បីពង្រឹងសមត្ថភាព ជ្រើសរើស កីឡាករ-កីឡាការិនីឆ្នើម សម្រាប់ត្រៀមឆ្ពោះទៅស៉ីហ្គេម នាឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕