(អូសាកា)៖ អតីតកីឡាការិនីតេន្នីសលំដាប់លេខ១ របស់ពិភពលោក Naomi Osaka បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ Wimbledon នៅចក្រភពអង់គ្លេស ដោយសារតែរបួសសរសៃពួរកែងជើងខាងឆ្វេង។ នេះបើតាមការប្រកាសពីកីឡាការិនីម្ចាស់ពានរង្វាន់ជើងឯក Grand Slam ចំនួន ៤លើករូបនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

កីឡាការិនីសញ្ជាតិជប៉ុនរូបនេះ បានរងរបួសនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលបានបង្ខំឲ្យរូបនាងខកខានការប្រកួតនៅឯព្រឹត្តិការណ៍ WTA 1000 នាទីក្រុង Rome របស់អ៉ីតាលី ក្នុងការឈានទៅប្រកួតនៅឯព្រឹត្តិការណ៍ French Open ទៀតផង។

សូមជម្រាបថា ព្រឹត្តិការណ៍ Wimbledon នឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដាខាងមុខ នៅទីក្រុង London ចក្រភពអង់គ្លេស៕