(ឡុងដ៍)៖ ខ្សែប្រយុទ្ធវ័យក្មេង Eddie Nketiah នឹងពាក់អាវលេខ១៤ របស់ក្លិប Arsenal នៅរដូវកាលក្រោយ បន្ទាប់ពីចុះកិច្ចសន្យារយៈពេលវែងមួយ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

កីឡាករវ័យ ២៣ឆ្នាំរូបនេះបានចូលរួមជាមួយ Arsenal ក្នុងវ័យជំទង់ និងបានបង្ហាញខ្លួន ៩២ប្រកួតក្នុងក្រុមជម្រើសដំបូង ដោយស៊ុតបាន ២៣គ្រាប់។

កិច្ចសន្យានេះ គឺជារង្វាន់សម្រាប់ទម្រង់លេងរបស់លោក ហើយបានផ្តល់ឲ្យលោកនូវអាវលេខ១៤ ជាលេខធ្លាប់ពាក់ដោយកីឡាករឆ្នើមរបស់ក្លិប Thierry Henry ដែលនេះបង្ហាញពីជំនឿទុកចិត្តរបស់អ្នកចាត់ការ Mikel Arteta លើរូបលោកដែរ។

ខ្សែប្រយុទ្ធ Walcott និង Pierre-Emerick Aubameyang ក៏ធ្លាប់ពាក់អាវលេខ១៤ នេះដែរ។

កីឡាករ Nketiah មិនទាន់ធ្លាប់បានលេងក្នុងក្រុមឈុតធំនៃក្រុមជម្រើសជាតិអង់គ្លេសនៅឡើយនោះទេ ប៉ុន្តែគឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ នៅគ្រប់ពេលទាំងអស់នៃក្រុម Under-21s របស់ជម្រើសជាតិអង់គ្លេស ជាមួយនឹងការរកគ្រាប់បាល់បាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួត៕