(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ បានបន្ដរៀបចំឡើងវិញហើយ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដែលជាខួបលើកទី១០ ដោយមានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ ខណៈអ្នករត់បានសម្ដែងនូវទឹកមុខសប្បាយរីករាយ បន្ទាប់ពីព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ បានខកខានរៀបចំ ២ឆ្នាំមកហើយ ដោយសារបញ្ហាកូវីដ-១៩ ។

ព្រឹត្តិការណ៍រៀបចំនៅមុខព្រះបរមរាជវាំងនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC), លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC, លោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។

លោករដ្ឋមន្ដ្រី ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួម ពិសេសចូលរួមរត់ប្រណាំងដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏ដូចជាចូលរួមរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

លោក វ៉ាត់ ចំរើន បានចាត់ទុកការត្រឡប់មកវិញ នៃព្រឹត្តិការណ៍រត់កម្សាន្ដនេះ គឺជាសញ្ញាណមួយដ៏ល្អ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាល្អប្រសើរ ពិសេសអ្នកចូលរួម ដោយលោកបានបញ្ជាក់ថា អ្នកចុះឈ្មោះផ្លូវការចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ មានចំនួន ៣,៦២១នាក់ប៉ុណ្ណោះ តែជាក់ស្ដែងនៅពេលកម្មវិធី មានអ្នករត់ច្រើនប្រហែល ៥ពាននាក់ ដែលភាគច្រើនរត់លើវិញ្ញាសាចម្ងាយ ១០គីឡូម៉ែត្រ ។

លោកបន្ដថា «នេះជាពេលវេលាមួយ ដែលបង្ហាញពីសុខសន្ដិភាព សុវត្ថិភាព នៃការរួចផុតពីជំងឺកូវីដ-១៩ ដោយសារយើងទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងរកវ៉ាក់សាំង និងជំរុញឲ្យមានការចាក់ជូនពួកយើងទាំងអស់គ្នា ។ នេះជាសញ្ញាណមួយបញ្ជាក់ថា ទិវារត់ប្រណាំងនេះ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋលោកបានថែរក្សាសុខភាព ហើយនឹងបង្កើននូវគុណភាពជីវិតរបស់គាត់ តាមរយៈការរត់ប្រណាំង ឬការរត់កម្សាន្ដនេះ»

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ថែមថា គោលបំណងនៃការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ គឺដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមរត់កម្សាន្ដ ពិសេសបានថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរៀងរាល់ឆ្នាំ ។ ទន្ទឹមជាមួយគ្នា ក៏ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំផងដែរ ។

គួរដឹងថា ក្នុងចំណោមអ្នកចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំនេះ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ។ រីឯបរទេសភាគច្រើនជាជនបរទេសនៅកម្ពុជា ក្នុងនោះមានប្រមាណ ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស ។ ចំពោះលទ្ធផលនៃការរត់វិញ សម្រាប់វិញ្ញាសាវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ខណៈលេខ១ ផ្នែកនារី បានទៅកីឡាការិនីជប៉ុន Ota Natsuko ។ ចំណែកវិញ្ញាសារត់ ១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករ Ayal Andarge មកពី Ethiopian និងលេខ១ ផ្នែកនារី បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី ៕