(ភ្នំពេញ)៖ មជ្ឈមណ្ឌលលក់ Vespa និងសេវាកម្មជួសជុល បានបើកសម្ពោធជាផ្លូវការហើយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

 ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃកម្ពុជា និងលោក Aurelio Flacco កុងស៊ុលកិត្តិយសរបស់ប្រទេសអ៊ីតាលីប្រចាំកម្ពុជា។

ពិធីបើកសម្ពោធនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២, លោក ឡុង រិនដេត ប្រធានទីផ្សារ និងទំនាក់ទំនងក្រុមហ៊ុន វេស្ប៉ា ខេមបូឌា ក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលលក់ម៉ូតូវេស្ប៉ា និងសេវាកម្មជួសជុល បានថ្លែងថា ម៉ូតូវេស្ប៉ាធ្លាប់ត្រូវបាននាំចូលចែកចាយប្រើប្រាស់ និងមានឈ្មោះបោះសម្លេងនៅកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ1960 មកម្ល៉េះ។

វេស្ប៉ាបានបង្កើតនូវអនុស្សាវរីយ៍ជាច្រើន និងបានដក់ជាប់ក្នុងក្រអៅបេះដូងរបស់លោកតា លោកយាយ និងប្រជាជនខ្មែរយើងជំនាន់មុនៗជាច្រើនសម័យកាលកន្លងទៅ។ រហូតមកដល់ទស្សវត្សរ៍ឆ្នាំ 1975 រឹតតែមានភាពល្បីល្បាញកាន់តែខ្លាំងដោយមានការនិយមចូលចិត្តពីសំណាក់ឥស្សរជនសំខាន់ៗ និងអភិជនខ្មែរជាច្រើន សម្រាប់ធ្វើជាមធ្យោបាយប្រើប្រាស់ធ្វើដំណើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងដំណើរកម្សាន្តលំហែកាយផ្សេងៗផងដែរ។

លោកបន្តថា តែជាអកុសល ប្រទេសជាតិបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ដែលធ្វើឲ្យវត្តមានរបស់វេស្ប៉ាស្ទើរតែរលាយបាត់ទាំងស្រុងនៅក្នុងសង្គមខ្មែរយើង។

លោកបន្ដថា ទោះបីជាយ៉ាងណាក្តី នៅក្នុងសម័យតេជោ នៃសុខសន្តិភាព ម៉ូតូវេស្ប៉ា បានវិលត្រលប់មកវិញជាផ្លូវការក្នុងឆ្នាំ 2012 ជាមួយនឹងម៉ូតម៉ូដែល និងបច្ចេកវិទ្យាថ្មីព្រមទាំងមានតម្លៃសមរម្យ សក្តិសមនឹងសមត្ថភាព និងលទ្ធភាពដែលប្រជាពលរដ្ឋកម្ពុជា អាចទិញប្រើប្រាស់បាន និងមានមោទនភាពចំពោះនិមិត្តសញ្ញាដ៏ល្បីល្បាញនេះ។

បច្ចុប្បន្នម៉ូតូនេះ ទទួលបាននូវប្រជាប្រិយភាពដែលមានចំនួនអ្នកជិះ ចេះតែមានការកើនឡើងជាបន្តបន្ទាប់ ដែលលទ្ធផលអស់ទាំង នេះកើតមានឡើងបាន គឺអាស្រ័យដោយសារមានស្ថេរភាពនយោបាយ ដែលនាំមកនូវសុខសន្តិភាព សេដ្ឋកិច្ចរីក ចម្រើនរុងរឿង ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុវត្តគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងលើកទឹកចិត្តរាល់វិនិយោគទុនបរទេស ដែលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាយើងទៀតផង។

ម៉ូតូវេស្ប៉ា ដែលត្រូវបានផលិត និងចេញលក់ដំបូងនៅលើទីផ្សារនៅក្នុងឆ្នាំ 1946 មើលទៅហាក់មានភាពមិនដូចគ្នាទៅនឹងវេស្ប៉ានាពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា វេស្ប៉ានៅតែបង្កប់អត្ថន័យសិល្បៈផលិតកម្មនៃរចនាបថលំដាប់កំពូល និងរក្សាបាននូវស្ទីលដ៏ពិសេស ស្រស់សង្ហារ ខុសប្លែកដាច់គេ ដែលទទួលបាននូវការចាប់អារម្មណ៍ អាចមើលឃើញ និងស្គាល់យ៉ាងច្បាស់ ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកទទួលស្គាល់។

លើសពីនោះនៅតែរក្សាបានអត្តសញ្ញាណដ៏ពិសេសរបស់ខ្លួនបានយ៉ាងល្អឥតខ្ចោះ និងបន្តពង្រីកនូវស្ទីលពិសេស និងភាព ល្បីល្បាញរបស់ខ្លួនឥតឈប់ឈរ វេស្ប៉ាបានធ្វើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មជាដៃគូជាមួយនឹងក្រុមហ៊ុនលំដាប់កំពូល ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយតារាកំពូលពិភពលោក និងបុគ្គលល្បីៗជាច្រើន ជាមួយនឹងគម្រោងពិសេសៗធំៗ ដូចជាក្រុមហ៊ុនម៉ាក Christian Dior, Giorgio Armani, LEGO, តារាកំពូលពិភព លោក Sean Wotherspoon, Justin Bieber ជាដើម។

ដោយសារភាពល្បីល្បាញ និងស្ទីលលំដាប់កំពូលរបស់វេស្ប៉ានេះហើយ បានធ្វើឲ្យវេស្ប៉ាក្លាយទៅជានិមិត្តសញ្ញាពិសេសអស្ចារ្យមួយ ដែលមិនត្រឹមគ្រាន់តែធ្វើជាមធ្យោបាយសម្រាប់ធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវេស្ប៉ាបានក្លាយទៅជារបៀបរស់នៅមួយប្រកបដោយឧត្តមភាព។

លោកថ្លែងបន្ដថា «ឆ្នាំនេះក៏ជាខួប ១០ឆ្នាំ នៃការវិលត្រឡប់មកវិញរបស់ម៉ូតូវេស្ប៉ានៅក្នុងទីផ្សារនៃប្រទេសកម្ពុជាផងដែរ។ យើងខ្ញុំមានមោទនភាពជាពន់ពេក ក្នុងការធ្វើជាតំណាងផ្តាច់មុខតែមួយគត់ក្នុងការនាំចូល និងចែកចាយវេស្ប៉ានៅក្នុងទីផ្សារនៅកម្ពុជា។ យើងខ្ញុំសូមប្ដេជ្ញាចិត្តក្នុងការបម្រើសេវាកម្មជូនអតិថិជន ព្រមទាំងបន្តការលើកកម្ពស់ឧត្តមភាព និមិត្តសញ្ញាដ៏អស្ចារ្យនេះសម្រាប់បម្រើជូនដល់ម្ចាស់ ឬអ្នកជិះវេស្ប៉ា ក៏ដូចជាអ្នកស្រឡាញ់វេស្ប៉ាទាំងអស់»

ទន្ទឹមនឹងនោះ Mr Simone Niccolai តំណាងក្រុមហ៊ុន Vespa/Piaggo Asia Pacific បានថ្លែងថា ក្នុងនាមក្រុមហ៊ុន Piaggio Group សូមចូលរួមអបអរ ឡុង ណារិទ្ធិ និងក្រុមការងារ NARITA Vespa Cambodia ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលលក់ម៉ូតូវេស្ប៉ា និងសេវាកម្មជួសជុលស្តង់ដារ 3s សម្រាប់ម៉ាក់សញ្ញាវេស្ប៉ាដ៏ប្រណិតមួយនាថ្ងៃនេះ។ លោកសង្ឃឹមយ៉ាងមុតមំាថា នឹងរួមសហការគ្នា ផ្ដល់ភាពទំនើប គុណភាពខ្ពស់ ជូនទៅដល់អតិថិជនជាបន្តបន្ទាប់ទៀត៕