(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស បានអញ្ជើញជាគណៈអធិបតីកម្មវិធីខ្មុកខោល និងបាននាំយកថវិកាចំនួន៥ពាន់ដុល្លារ ជូនសាលាសិល្បៈហ្វ៊ូណន ដើម្បីពង្រឹងគោលជំហរ និងក្ដីបំណងរបស់ Galaxy navatra ក្នុងយុទ្ធនាការចូលរួមគ្នាជំរុញ និងផ្សព្វផ្សាយសិល្បៈ វប្បធម៌ បុរាណខ្មែរទៅអន្តរជាតិ។

ក្នុងសន្ទរកថារបស់ខ្លួន លោកឧកញ៉ា ឡេង ប្រុស បានថ្លែងថា លោកពិតជាមានក្ដីសោមនស្សក្រៃលែង ដែលបានចូលរួមកម្មវិធី ខ្មុកខោល។ លោកថា កម្មវិធីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបំផុសការចូលរួមរបស់ ប្រជាពលរដ្ឋខ្មែរ និងយុវជន ឱ្យឈ្វេងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តិ៍។

ទន្ទឹមគ្នានោះ លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរបន្តចូលរួមទាំងអស់គ្នា ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលបុព្វបុរសយើង បានបន្សល់ទុករហូតដល់សព្វថ្ងៃ។

លោកបន្តថា «ការចូលរួមគ្រប់រូបភាពនៃការថែរក្សា អភិរក្ស និងជួយផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតាយើង មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ងប់ស្ងែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ ក្នុងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពផងដែរ»

កម្មវិធី «ខ្មុកខោល» គឺគម្រោងមូលនិធិ ១០០០រៀល ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២ ក្រោមការរៀបចំ និងកៀរគងមូលនិធិសប្បុរសជនក្នុង និងក្រៅប្រទេស ដោយលោក ស៊ុប ស័ក្ខរា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍សម្ដែងសិល្បៈល្ខោនខោលខ្នាតធំ រួមទាំងសហការីជាច្រើនរូបទៀត។

គួររំឮកឡើងវិញដែរថា របាំព្រះរាជទ្រព្យ ត្រូវបានប្រកាសទទួលស្គាល់ដោយអង្គការយូណេស្កូ ថាជាស្នាដៃឯកផ្នែកវោហាកោសល្យនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ដោយឡែកល្ខោនស្រមោលស្បែកធំ ត្រូវបានប្រកាសទទួលស្គាល់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ សម្រាប់ល្ខោនខោល វិញក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ ថាទម្រង់ល្ខោនដ៏ចំណាស់របស់កម្ពុជា ដែលត្រូវគាំពារ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

គណៈគ្រប់គ្រងសាលា មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាសិល្បៈហ្វូណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស និងក្រុមគ្រួសារត្រកូល «ឡេង» ដែលបានចូលរួមចំណែកថវិកាទាំងនេះ សម្រាប់ដំណើរការព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ២០២២។

គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានចាត់ទុកកាយវិការនេះ ជាកិច្ចសហការល្អរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ពិសេសបង្ហាញអំពីវប្បធម៌នៃការចែករំលែកក្រោមម្លប់សន្តិភាព ក្នុងការរួមចំណែកដល់អង្គភាពមួយនេះបន្តកិច្ចការងារ និងបេសកកម្មរបស់ខ្លួននៅក្នុងក្របខណ្ឌបណ្តុះបណ្តាលអ្នកជំនាន់ក្រោយលើវិស័យសិល្បៈវប្បធម៌។

ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»

ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិ ក៏ដូចជាផ្តល់ការឧបត្ថម្ភដល់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវ: ដើម្បីគាំទ្រដល់ការកសាងធនធានមនុស្ស។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋាន ទូទៅនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យអប់រំ និងការបណ្តុះបណ្តាលនេះ ក្រុមគ្រួសារត្រកូល «ឡេង» តែងតែបរិច្ចាគថវិកា និងសម្ភារផ្សេងៗជូនជាបន្តបន្ទាប់ ដែលជាការចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឧកញ៉ា ឡេង ប្រុស តំណាងឲ្យក្រុមគ្រួសារត្រកូល «ឡេង» ក៏បានឧបត្ថម្ភថវិកា កុំព្យូទ័រ និងបរិក្ខារសរុបថវិកាប្រមាណ ១៦លានរៀល ដល់សាលាមធ្យមវិចិត្រសិល្ប: ដើម្បីជាប្រយោជន៍ក្នុងការសិក្សា ក៏ដូចជាការស្រាវជ្រាវរបស់បុគ្គលិកមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស។

សម្ភារដែលបានផ្តល់ជូនសាលាមធ្យមវិចិត្រសិល្ប:នៅពេលនោះរួមមាន៖ កុំព្យូទ័រចំនួន២០គ្រឿង តុកុំព្យូទ័រចំនួន២០ កាស់កុំព្យូទ័រចំនួន៣៥ និងថវិកា ៨លានរៀល ព្រមទាំងសម្ភារសិក្សាមួយចំនួនទៀត។ ក្រៅពីនេះក្រុមគ្រួសារត្រកូល «ឡេង» ក៏បានចូលរួមឧបត្ថម្ភជាច្រើនជូនដល់សាលារៀន និងប្រជាពលរដ្ឋក្រខ្សត់ជាច្រើននៅស្រុកកំណើតរបស់លោកផងដែរ៕