(ភ្នំពេញ)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានឧបត្ថម្ភថវិកា ៥ពាន់ដុល្លារអាមេរិក ដល់សាលាសិល្បៈហ្វូ៊ណន ដើម្បីគាំទ្រដល់សកម្មភាពថែរក្សា និងអភិរក្សាល្ខោនខោល ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃមួយរបស់ខ្មែរ។

ល្ខោនខោល ដែលជាទម្រង់សិល្បៈដ៏ចំណាស់របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ ជាទម្រង់ល្ខោនដ៏ចំណាស់របស់កម្ពុជា ដែលត្រូវគាំពារ និងត្រូវយកចិត្តទុកដាក់ជាបន្ទាន់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សាលាសិល្បៈហ្វូ៊ណន បានធ្វើសកម្មភាពមួយចំនួន ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌មានតម្លៃរបស់ជាតិខ្មែរមួយនេះ។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សាលាសិល្បៈហ្វូ៊ណន បានរៀបចំកម្មវិធី «ខ្មុកខោល» ដើម្បីបង្ហាញសម្ភារៈល្ខោនខោល ដែលផលិតបានរយៈពេល២ឆ្នាំកន្លងទៅ ក្រោមគម្រោងមូលនិធិ ១,០០០រៀល ឆ្ពោះទៅកាន់ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យចុងឆ្នាំ២០២២។ កម្មវិធីក៏មានគោលបំណងស្វែងរកមូលនិធិបន្ថែម ដើម្បីរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្តែងល្ខោនខោលដ៏អស្ចារ្យនោះ។

ឧកញ៉ា ឡេង ប្រុស និងភ្ញៀវកិត្តិយសមួយចំនួនបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី ដែលមានបេសកកម្មពិសេសក្នុងការអភិរក្ស និងថែរក្សាមរតកសិល្បៈល្ខោនខោលនេះ។

ឧកញ៉ា ឡេង ប្រុស បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែងចំពោះរៀបចំកម្មវិធី «ខ្មុកខោល»។ ឧកញ៉ាដែលតែងតែចូលរួមសកម្មភាពមនុស្ស និងការងារជាប្រយោជន៍ដល់សង្គមរូបនេះ បានចាត់ទុកការរៀបចំកម្មវិធីនេះឡើង ជាការបំផុសការចូលរួមរបស់យុវជនឱ្យស្វែងយល់កាន់តែច្បាស់ពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឱ្យបានស្ថិតស្ថេរគង់វង្ស។

លោកឧកញ៉ា បានគូសរំលេចក្នុងពិធីនោះថា កម្ពុជាមានសិល្បៈបែបសម្តែងច្រើនប្រភេទ ទាំងតន្ត្រី របាំ ល្ខោន ការនិទាន សូត្រជាដើម។ មានមរតកប្រពៃណីខ្មែរខ្លះ ត្រូវបាត់បង់ដោយប្រការផ្សេងៗតាមទេសកាល ក្នុងប្រវត្តិដ៏វែងឆ្ងាយរបស់ខ្មែរ។ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរសយើងបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។ ប៉ុន្តែក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើប បានញ៉ាំងឱ្យសង្គមមានការវិវត្តយ៉ាងគំហុកដែលជាហេតុធ្វើឱ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។

លោកឧកញ៉ា ឡេង ប្រុស បានលើកឡើងថា ប្រឈមនឹងស្ថានភាពនេះ គឺទាមទារឱ្យមានការចូលរួមក្នុងការថែរក្សា ការពារ អភរិក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្ស។

លោកឧកញ៉ា បានគូសរំលេចបែបនេះ «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កម្មវិធីខ្មុកខោល ជាផ្នែកមួយដើម្បីរួមចំណែកក្នុងការជួយជ្រោមជ្រែងទាំងការជួយគាំទ្រ លើកទឹកចិត្ត ទាំងការអប់រំ ផ្សព្វផ្សាយ និងបង្កលក្ខណៈឱ្យសិល្បៈបែបនេះ មានសកម្មភាពរស់រវើកឡើងដែលជាមធ្យោបាយឱ្យបេតិកភណ្ឌអរូបីគង់វង្សតទៅមុខទៀត»

បន្ទាប់ពីថ្លែងបង្ហាញនូវចំណាប់អារម្មណ៍ហើយនោះ តំណាងឱ្យគ្រួសារឧកញ៉ាត្រកូល «ឡេង» លោកឧកញ៉ា ឡេង ប្រុស ក៏បានប្រកាសបរិច្ចាគថវិកា ៥ពាន់ដុល្លារ ដល់សាលាសិល្បៈហ្វូ៊ណន ដើម្បីគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នៃការសម្តែងល្ខោនខោលដ៏អស្ចារ្យនាចុងឆ្នាំនេះ។

តំណាងសាលាសិល្បៈហ្វូ៊ណន បានបង្ហាញនូវរំភើបរីករាយ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការចូលរួមរបស់ឧកញ៉ា ឡេង ប្រុស។ តំណាងសាលាសិល្បៈហ្វូ៊ណន ចាត់ទុកការចូលរួមរបស់លោកឧកញ៉ា ឡេង ប្រុស ជាការបង្ហាញឱ្យឃើញនូវស្មារតី និងទឹកចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់លោកឧកញ៉ា ចំពោះមរតកសិល្បៈ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ៕