(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការទទួលបន្ទុករួម នៃគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានថ្លែងថា ការប្រកួតនេះប្រើប្រាស់ទីលានកីឡាចំនួន៥ទីតាំងរួមមាន៖

*វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
*វិទ្យាល័យបឹងត្របែក
*ពហុកីឡដ្ឋានជាតិ
*មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
*សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាន៨៨វិញ្ញាសាលើ ១២ប្រភេទកីឡា ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចំនួន១,៤៤៣នាក់ មកពីសាកលវិទ្យាចំនួន៣៨ នៅទូទាំងប្រទេសក្នុងនោះគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន២០ និងគ្រឹះស្ថានសិក្សាឯកជនចំនួន១៨។

លោកបានបន្តថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២២នេះ មានគោលបំណងផ្តល់ឱកាសដល់និស្សិតពេញម៉ោងបានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិតដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាសកលវិទ្យាល័យអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។

ព្រមទាំងបើកឱកាសដល់មន្ត្រីបច្ចេកទេស ដែលសហព័ន្ធកីឡាជាតិ បានបណ្តុះបណ្តាល ហើយបានអនុវត្តការងារជាក់ស្តែងដើម្បីទទួលបានចំណេះដឹង និងបទពិសោធន ព្រមទាំងលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៣។

លោក ស សុខា បានថ្លែងថា ការប្រកួតកីឡានេះផងដែរ តម្រូវឱ្យរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជា បច្ចេកទេស ចេះយោគយល់អធ្យាស្រ័យទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិ និងជៀសផុតពីអំពើអសកម្មផ្សេងៗ នៅក្នុងសង្គម ពិសេសជាងនេះទៀតនោះ ដើម្បីឱ្យស្របទៅតាមលំនាំ នៃការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យ មានលក្ខណៈជាការប្រកួត (GAMES) ទៅនឹងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games)៕