(ក្រុងឡុងដ៍)÷ ក្លិបបាល់ទាត់តោខៀវ Chelsea ជិតឈានដល់កាតចុះកិច្ចសន្យានាំយកខ្សែបម្រើស្លាប Raheem Sterling ពីក្លិប Manchester City មែនទែនហើយ ក្រោយពេលមិនសូវបានចូលលេងញឹកញាប់នារដូវកាលមុន។

អនាគតរបស់កីឡាករវ័យ ២៧ឆ្នាំសញ្ជាតិអង់គ្លេសបានស្ថិតក្នុងមន្ទិលនាពេលថ្មីៗនេះ ដ្បិតកិច្ចសន្យាចាស់នៅកីឡដ្ឋាន Etihad នៅសល់ ១២ខែទៀតក៏ដោយ។

កីឡាករដែលលេងក្នុងតំណែងប្រយុទ្ធក្នុងក្រុមតោកំណាចអង់គ្លេសខាងលើនេះ ក៏មានការចាប់អារម្មណ៍ច្រើនពីសំណាក់ក្លិបក្រៅស្រុកដែរ ក្នុងនោះ Chelsea មានបំណងចង់បានរូបគេបន្តលេងនៅ Premier League ទៀត។

Sterling ស៊ុតបាន ១៣គ្រាប់ពីការចូលលេង ៣០ប្រកួតនៅលីគកំពូលអង់គ្លេស ដោយបានជួយ City ឈ្នះជើងឯក Premier League ជាលើកទី៤ នារដូវកាលមុនផងដែរ៕