(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ (Ford-TSI) ដែលជាជំនួយឧបត្ថម្ភរបស់ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ជូនដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះមានការចូលរួមដោយ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI), លោក Benjamin V, Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា, លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company, លោក Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សាអាស៊ាននៃក្រុមហ៊ុន Ford Motor Company, លោកស្រី លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company ផងដែរ។

អមជាមួយនឹងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយនេះ ក្រុមហ៊ុន RMA Cambodia ក៏បានឧបត្ថម្ភរថយន្តមួយគ្រឿង ជូនដល់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផងដែរ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន (TSI)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជួន ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វង-ធី អេស អាយ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអររថយន្តហ្វដ ១គ្រឿង និងបង្កើតកម្មវិធីបណ្តុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្សនិស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្តផ្ទាល់ជាមួយអ្នកជំនាញ បច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជួន។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានថ្លែងថា «ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើនសម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តផ្ទាល់ជាមួយអ្នកឯកទេសរបស់ យើងនៅតាមបណ្តាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់នាងលើនេះ ហើយដែលជាកត្តាជំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។

លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្តិការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល ៥ឆ្នាំ។ ជាសមិទ្ធផល នៃការចុះអនុស្សារណៈនៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ពានតេជោសែន សាធារណការនិងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការរៀបចំ និងធ្វើនវានុវត្ត អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្តុះ បណ្តាលជំនាញបច្ចេកទេសយានយន្ត មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ»

លើសពីនេះទៀត លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានបន្ដថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភ ជូនដល់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អ សម្រាប់ឲ្យសិស្សនិស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ នេះ»

លោក Benjamin V.Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា «ខ្ញុំមានវមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូនា) ក្នុងការឧបត្ថម្ភរថយន្តហ្វជចំនួន ១គ្រឿង និងបេង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ត ហ្វដ ធី អេស អាយ នេះឡើងដែលវា ជាការអភិវឌ្ឍបន្ថែមទៅលើការអប់រំវិជ្ជាជីវៈ កម្លាំងពលកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុ ជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងតាមរយៈមជ្ឈមណ្ឌលបណ្ដុះ បណ្តាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ។

លោកទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូច ជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាននានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះ នឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាព តម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬគ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។ ការដែលមាន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ត ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែកដល់ការកាត់បន្ថយ ការកែច្នៃ ការដំឡើងយានយន្តខុសបច្ចេកទេសគ្មានគុណភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្តត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយអ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ»៕