(កូរ៉េ)៖ កំពូលតារាសម្តែងហូលីវូដល្បីឈ្មោះ លោក Tom Crusie និងក្រុមការងារ រួមជាមួយនឹងផលិតករអាមេរិកលោក Jerry Bruckheimer បានបង្ហាញវត្តមាននៅលើកំរាលព្រំក្រហម ក្នុងព្រឹត្តិការណ៍ស្វាគមន៍អ្នកគាំទ្រនៅកូរ៉េខាងត្បូង ពីរថ្ងៃមុនរឿងនេះចាក់បញ្ចាំងទៅផ្លូវការនៅកូរ៉េខាងត្បូង។ នេះវើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ជាក់ស្តែង «Top Gun: Maverick» គ្រោងចាក់បញ្ចាំងនៅកូរ៉េខាងត្បូង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ហើយមុនថ្ងៃចាក់បញ្ចាំង២ថ្ងៃ តារាសម្តែងក្នុងរឿងនេះ បានទៅផ្សព្វផ្សាយភាពយន្តរបស់ខ្លួនដល់កូរ៉េខាងត្បូង ខណៈនៅថ្ងៃជួបអ្នកគាំទ្រអ្នករៀបចំកម្មវិធី បានផ្តល់អំណោយដ៏គួរឲ្យចាប់អារម្មណ៍មួយដល់ Tom Cruise នឹងក្រុមការងារ នោះគឺសម្លៀកបំពាក់ ប្រេន Asiha មានឈ្មោះថា «Gonryongpo» ដែលមានរូបនាគ។

ក្រោយទទួលបានកាដូនោះ តារាសម្តែអ Tom Cruise បានសម្តែងការភ្ញាក់ផ្អើលដោយនិយាយថា «វាពិតជាស្រស់ស្អាតខ្លាំងណាស់»។ ជាការពិត អាវឈ្មោះ «Gonryongpo» នេះ គឺជាសម្លៀកបំពាក់ប្រពៃណីដែលពាក់ដោយស្តេចនៃរាជវង្សកូរ៉េបុរាណ ដែលជាទូទៅ គឺត្រូវបានគេឃើញមានពាក់នៅក្នុងរឿងកូរ៉េបែបបុរាណ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទី១០ ហើយរបស់លោក Tom Cruise ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីលើកដំបូងក្នុងឆ្នាំ១៩៩៤៕