(បរទេស)៖ បន្ទាប់ពីបានប្រកាស Telegram Premium កាលពីដើមខែនេះ ទីបំផុតកម្មវិធីផ្ញើសារដ៏ពេញនិយមនេះ បានដាក់ចេញនូវកម្រិតបង់ប្រាក់ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ចូលប្រើមុខងារបន្ថែមក្នុងតម្លៃ ៤.៩៩ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លក្ខណៈពិសេសជាច្រើនដែលអ្នកប្រើប្រាស់តែងតែរំពឹងថានឹងទទួលបានពីគម្រោងនេះរួមមាន ទំហំផ្ទុកឯកសារអតិបរិមាធំជាង 4GB (ដែលពីមុនមានត្រឹម 2GB) ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច Download បានលឿនជាងមុន។ ក្នុងនោះអ្នកប្រើប្រាស់អាច Follow បានរហូតដល់ទៅ 1000 Chanel នឹងអាចបង្កើត Chat Folder បានរហូតដល់ទៅ ២០ Folder ជាមួយនឹងចំនួន ២០០ Chat នៅក្នុង Folder នីមួយៗ។

ម្យ៉ាងវិញទៀតអ្នកប្រើប្រាស់ក៏នឹងត្រូវបានអនុញ្ញាតឱ្យបន្ថែមគណនីបានដល់ទៅ ៤នៅក្នុង App តែមួយ ខណៈដែលអាច Pinned Chat បានដល់ទៅ ១០ នៅក្នុងបញ្ជីសំខាន់ៗ និងអាច Save Stickers បានរហូតដល់ទៅ ១០ ឯណោះ។ ហើយកាន់តែពិសេសនោះវាក៏អាចបំប្លែងសំឡេងទៅជាអត្ថបទបានទៀតផង រួមទាំងមាន Stickers ប្លែកៗជាច្រើនដែលអាចមានចលនាពេញអេក្រង់ និងមុខងារជាច្រើនផ្សេងទៀត ដូចជា Sticker Reaction ទៅលើសារប្លែកៗ ជម្រើសគ្រប់គ្រងការជជែក និងការកែប្រែរូបតំណាងកម្មវិធីទៀតផង។

គួរជម្រាបដែរថាការផ្លាស់ប្តូរនេះនឹងធ្វើឱ្យ Telegram អាចរក្សាស្ថិរភាពប្រាក់ចំណូលរបស់ខ្លួនប្រកបដោយនិរន្តរភាព ខណៈពេលដែលបណ្តាញមួយនេះកំពុងតែទទួលបានការគាំទ្រជាខ្លាំង បន្ទាប់ពីវាទទួលបានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៥០០លាននាក់ក្នុងខែមករា ឆ្នាំ២០២១ ឥឡូវនេះវាបានឈានដល់ ៧០០លាននាក់ឯណោះ៕