(ភ្នំពេញ)៖ រ៉ុង ណារើន ដែលជាបេក្ខជនមកពីខេត្តកំពង់ធំនោះបានឆ្លងផុតវគ្គ Theater Round ជុំទី១ហើយ តាមរយៈការបកស្រាយបទចម្រៀង «ធុញបងមែនទេ» ជាមួយបេក្ខជនរួមក្រុម៣នាក់ទៀត។

គួរជម្រាបថា រ៉ុង ណារើន គឺជាបេក្ខជនម្នាក់មកពីខេត្តកំពង់ធំដែលបានចូលរួមប្រឡងចម្រៀងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ និងទទួលបាន Yes ពីគណៈកម្មការទាំង៤រូបកាលពីសប្ដាហ៍ទាំង៥នៃកម្មវិធីដ៏ល្បាញមួយនេះ។

តាមការចាក់ផ្សាយរបស់ទូរទស្សន៍ហង្សមាសអំពីការប្រឡងវគ្គ Theater Round ជុំទី១ នៃកម្មវិធី Cambodian Idol រដូវកាលទី៤ នៅលើទីលានវាយកូនគោលវឌ្ឍនៈ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នោះ បេក្ខជន រ៉ុង ណារើន ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលរូបគេរួមជាមួយមិត្តរួមក្រុម៣រូបទៀត គឺ ភារម្យ វិច្ឆិកា និងណុច បានបកស្រាយបទ «ធុញបងមែនទេ» នៅចំពោះមុខគណៈកម្មការទាំង៤រូប គឺអ្នកស្រី ឧក សុគន្ធកញ្ញា កញ្ញា សុខ ស៉ីឡាលីន លោក ណុប ប៉ាយ៉ារិទ្ធ និងលោក ឆន សុវណ្ណរាជ។

ទំនុកយោលយោកនៅលើវាលស្មៅដ៏ស្រស់ស្អាត សំឡេងរណ្ដំសាយពេញអាកាស ទឹកមុខម្នាក់ៗពោរពេញដោយការខិតខំប្រឹងប្រែង ភាពស៉ីចង្វាក់កើតចេញពីការសហការគ្នាបានយ៉ាងល្អ ធ្វើឱ្យគណៈកម្មការពេញចិត្តខុសប្រក្រតី។

បន្ទាប់ពីបកស្រាយបទចម្រៀងចប់ ណារើន និងបេក្ខជន៣នាក់ទៀត ពិតជាធ្វើឱ្យគណៈកម្មការទាំង៤រូបពិបាកក្នុងការសម្រេចផ្ដល់លទ្ធផលជូនពួកគេ។ អ្នកស្រី ឧក សុគន្ធកញ្ញា បានបង្ហាញចំណាប់អារម្មណ៍ថា ការច្រៀងរួមគ្នារបស់បេក្ខជនទាំង៤រូបនេះពិតជាមានការសហការគ្នាបានល្អ ដោយបានចែកវគ្គគ្នាច្រៀងយ៉ាងល្អ ធ្វើឱ្យគណៈកម្មការងាយស្រួលស្ដាប់។ អ្នកស្រីបានសង្កត់ធ្ងន់ថា «ការច្រៀងរបស់អ្នកទាំង៤ គឺមានស្ទីលមួយបែបម្នាក់ អត់ភ្លាវ អត់ភ្លាត់»

លោក ណុប ប៉ាយ៉ារិទ្ធ ក៏បានបង្ហាញចំណាច់អារម្មណ៍ពេញចិត្តចំពោះការសហការគ្នាច្រៀងរបស់អ្នកទាំង៤ ទាំងការចែកវគ្គគ្នាច្រៀង ការដំឡើងសំឡេង ទម្លាក់សំឡេង ភាពស្រទន់ ហើយនៅពេលច្រៀងរួមគ្នាក៏ស្រុះគ្នាទៀត មិនមានអ្នកខ្លាំងអ្នកខ្សោយ ឬដាច់មុនដាច់ក្រោយឡើយ។

កញ្ញា សុខ ស៉ីឡាលីន បានបន្ថែមថា សំឡេងរបស់ណារើន និងណុច គឺមានកម្លាំង ចំណែកភារម្យ និងវិច្ឆិកា គឺសំឡេងបែបស្រទន់។

លោក ឆន សុវណ្ណរាជ បានបញ្ជាក់ថា ការជ្រើសរើសបទចម្រៀង និងការចែកវគ្គគ្នាច្រៀងរបស់អ្នកទាំង៤ គឺពិតជាពិសេស មិនធ្វើឱ្យគណៈកម្មការពិបាកក្នុងការស្ដាប់។ ថ្វីដ្បិតមានចំណុចខ្វះខាតខ្លះ តែអ្នកទាំង៤ពិតជាសហការគ្នាបានយ៉ាងល្អ។

ទាំងអ្នកស្រី ឧក សុគន្ធកញ្ញា កញ្ញា សុខ ស៉ីឡាលីន លោក ណុប ប៉ាយ៉ារិទ្ធ និងលោក ឆន សុវណ្ណរាជ សុទ្ធតែបានបង្ហាញការកោតសរសើរចំពោះបេក្ខជនទាំង៤រូបនេះ និងបានសម្រេចឱ្យពួកគេបន្តទៅវគ្គបន្ទាប់ទៀត។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងពេលគណៈកម្មការពិគ្រោះគ្នាមុនផ្ដល់លទ្ធផលជូន ដៃរបស់ណារើនក្ដាប់មេក្រូយ៉ាងណែន បំពង់កកម្រើក រីឯភ្នែករបស់គេកំពុងបិទហាក់កំពុងបួងសួងសូមឱ្យខ្លួនគេជាប់បានទៅវគ្គបន្ទាប់។ តែនៅពេលបានឮសំឡេងអ្នកស្រី ឧក សុគន្ធកញ្ញា និយាយថា «ពួកបងសម្រេចថា... ណារើន វិច្ឆិកា ភារម្យ ណុច បន្តទៅវគ្គបន្តទាំង៤នាក់» ភ្លាមនោះ ទាំងណារើន និងបេក្ខជន៣រូបទៀតបានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។

គណៈកម្មការទាំង៤រូប និងកម្មវិធីទាំងមូលក៏បានចូលរួមអបអរសាទរផងដែរចំពោះណារើន និងមិត្តរួមក្រុម៣នាក់ទៀត ដែលទទួលបានលទ្ធផលល្អ និងបានបន្តទៅវគ្គបន្ទាប់ទៀត។

គួរជម្រាបដែរថា តាមរយៈវីដេអូដែលបង្ហោះនៅលើ YouTube របស់កម្មវិធី Cambodian Idol ការបង្ហាញសមត្ថភាពរបស់អ្នកទាំង៤រូបនេះ https://youtu.be/lfSIR_gx0zw គឺមានអ្នកចូលទស្សនាជិត 100K ហើយ គិតត្រឹមព្រឹកថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២២។ ចំណែកនៅលើហ្វេកប៊ុកផេក https://www.facebook.com/CambodianIdol/videos/1463136984134057/ ក៏មានអ្នកចូលទស្សនាជាង 161K និងមានអ្នក Share បន្តច្រើនគួរសមដែរ ក្នុងនោះមានអ្នកចូល Comment បង្ហាញការគាំទ្រចំពោះ រ៉ុង ណារើន ក៏ច្រើនណាស់ដែរ។

សូមជម្រាបថា រ៉ុង ណារើន កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០១ នៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ណារើន កំព្រាឪពុកតាំងពីអាយុមិនដល់៧ឆ្នាំផង ហើយរូបគេនិងប្អូនប្រុសម្នាក់ទៀតបានបន្តរស់ជាមួយម្ដាយនិងជីដូនក្នុងជីវភាពជាអ្នកស្រែចម្ការ។ សំបុកដែលគ្មានបាជាទីពឹងពិតជាមិនងាយស្រួលឡើយ ម្យ៉ាងក៏មិនមានផ្ទះសម្បែងសម្រាប់ខ្លួនឡើយ រៀនបណ្ដើរជួយការងារស្រែចម្ការអ្នកផ្ទះបណ្ដើរ ពេលទំនេរពីសាលាណារើនត្រូវទៅឃ្វាលក្របីជាមួយគេឯង។

រ៉ុង ណារើន ចូលចិត្តច្រៀងតាំងពីក្មេង ប៉ុន្តែចម្រៀងរបស់គេ មានតែអ្នកភូមិ វាលស្រែ និងគោក្របីប៉ុណ្ណោះដែលគាំទ្ររូបគេរហូតមក។ ទាំងម្ដាយរបស់ណារើន និងអ្នកជិតរបស់គេបានឱ្យដឹងថា ណារើន ធ្លាប់ប្រាប់ពីក្ដីស្រមៃចង់ទៅប្រឡង ទោះក្នុងកម្មវិធីអ្វីក៏ដោយ ដើម្បីបានក្លាយជាតារាចម្រៀងដូចគេ តែពីមុនគាត់មិនទាន់មានឱកាស និងគ្មានប្រវត្តិច្រៀងជាសាធារណៈឡើយ ទើបតែពេលនេះទេដែលគាត់បានទៅប្រឡងកម្មវិធី Cambodian Idol នឹងគ្នានោះ។ រ៉ុង ណារើន ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះរូបគេបានឈានចូលក្នុងក្ដីស្រមៃដែលប៉ងមកជាយូរនោះហើយ គេពិតជាខិតខំហាត់សមនូវចម្រៀងជាប្រចាំ ទោះបីមិនមានគ្រូជួយប្រាប់ជួយពត់តម្រង់ ឬ Studio សម្រាប់ការហាត់សមនោះក៏ដោយ។

អ្វីដែលនៅតែជាការពុះពាររបស់ រ៉ុង ណារើន ទៀតនោះ គឺក្នុងពេលមកចូលរួមប្រឡងនេះរូបគេបានរកការងារជាកម្មករសំណង់ ដើម្បីបានប្រាក់ខ្លះសម្រាប់រៀបចំខ្លួនចូលរួមប្រឡងតាំងពីវគ្គដំបូង និងនៅវគ្គក្រោយៗទៀត។ ណារើន ក៏មិនមានថវិកាច្រើនដែរសម្រាប់ការរៀបចំខ្លួន ប៉ុន្តែចេះតែមានអ្នកជួយទំនុកបម្រុងបន្តិចម្នាក់ៗ ដើម្បីជួយពូនជ្រែងបេក្ខជនរូបនេះបន្តទៅវគ្គបន្តបន្ទាប់ទៀត ជាមួយនឹងកម្លាំងលើកទឹកចិត្ត និងស្មារតីយ៉ាងក្លៀវក្លា។

បេក្ខជនអ្នកខេត្តកំពង់ធំរូបនេះបានអំពាវនាវដល់លោកតាលោកយាយ ពុកម៉ែ អ៊ំពូមីង បងប្អូន ក៏ដូចជាអ្នកគាំទ្រទាំងអស់សូមផ្ដល់ការគាំទ្រ និងបន្តការគាំទ្រចំពោះរូបគេតទៅទៀត ខណៈរូបគេក៏បានប្ដេជ្ញាចិត្តខិតខំហ្វឹកហាត់បន្តទៀត ដើម្បីធ្វើឱ្យបានល្អក្នុងការប្រឡងនៅវគ្គបន្តបន្ទាប់ទៀត។ រ៉ុង ណារើន សង្ឃឹមថានឹងបានកសាងជីវភាពសមរម្យមួយលើវិថីជាអ្នកចម្រៀង និងធ្វើជាសិល្បករមួយរូបដែលជួយផ្សព្វផ្សាយពីតម្លៃសិល្បជាតិ។ គ្រប់គ្នាបានលើកទឹកចិត្តដល់ រ៉ុង ណារើន យ៉ាងខ្លាំង ទាំងនៅលើបណ្ដាញសង្គម Facebook, YouTube, Telegram និងគេហទំព័រព័ត៌មាននានា៕