(ឡុងដ៍)៖ ប្រធានក្លិបបាល់ទាត់តោខៀវ Chelsea លោក Bruce Buck នឹងលាលែងចេញពីតំណែងរបស់លោក នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ ជាមួយនឹងសហម្ចាស់ក្លិប លោក Todd Boehly ត្រូវបានកំណត់ដើម្បីជំនួសតំណែងលោក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

បុរសសញ្ជាតិអាមេរិក វ័យ ៧៦ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាប្រធានក្លិប ចាប់តាំងពីលោក Roman Abramovich បានក្លាយជាម្ចាស់ក្លិបក្នុងឆ្នាំ២០០៣ ហើយត្រូវបានគេជឿទុកចិត្តឲ្យបន្តកាន់តួនាទីនេះ ក្រោយពីក្លិបត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយលោក Boehly កាលពីខែមុន។

ការផ្លាស់ប្តូរការដឹកនាំនេះមានន័យថា លោកនឹងនៅបន្តគាំទ្រក្លិបក្នុងនាមជា «ទីប្រឹក្សាជាន់ខ្ពស់»។

ការលក់ក្លិប Chelsea ក្នុងតម្លៃ ៤.២៥ពាន់លានផោនទៅឲ្យសម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយវិនិយោគិនអាមេរិក Boehly និងក្រុមហ៊ុនឯកជន Clearlake Capital ត្រូវបានសម្រេចទាំងស្រុងកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ។

បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន លោក Abramovich បានប្រកាសកាលពីខែមីនាថា លោកមានគម្រោងលក់ក្លិប Chelsea ដែលលេងនៅលីគ Premier League ភ្លាមៗមុនពេលរងទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស ពីបទចោទប្រកាន់លោកមានការជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin៕