(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងចាប់ផ្តើមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ចិន ក្នុងការបោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការធ្វើម្ចាស់ផ្ទះ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់កូរ៉េ (KFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ចិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡានេះនៅខែមិថុនា និងកក្កដា ឆ្នាំក្រោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយនេះ ដើម្បីធ្វើឲ្យគ្មានជំងឺកូវីដ-១៩នោះ បានបណ្តាលព្រឹត្តិការណ៍ដែលមានការប្រកួត ២៤ក្រុមនោះមានការផ្លាស់ប្តូរវិញ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអញ្ជើញឲ្យមានការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ 2023 Asian Cup កាលពីខែមុនដោយលើកឡើងថា ភាគីដែលចាប់អារម្មណ៍ ត្រូវតែបញ្ជាក់ពីការចូលរួមដេញថ្លៃរបស់ខ្លួននៅត្រឹមថ្ងៃទី៣០ ខែមិថុនា។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានផ្តល់នូវការជំរុញឲ្យធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍មួយនេះកាលពីដើមខែនេះ ដោយបានណែនាំដល់រដ្ឋមន្ត្រីកីឡារបស់លោក ព្យាយាមក្នុងការទាក់ទាញយកព្រឹត្តិការណ៍នេះឲ្យបាន៕