(ភ្នំពេញ)៖ ក្លិបបាល់ទាត់របស់កម្ពុជា ២ក្រុមរួមមានក្លិបភ្នំពេញក្រោន និងវិសាខា បានចាប់ផ្ដើមយុទ្ធនាការរៀងខ្លួន នៅក្នុងការប្រកួតពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2022 នៅប្រទេសវៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជាភ្នំពេញក្រោន ថ្ងៃនេះបានធ្វើដំណើរតាមរថយន្ដឆ្ពោះទៅទីក្រុងហូជីមិញ ដើម្បីធ្វើការប្រកួតជម្រុះក្នុងពូល I ជាមួយបេក្ខភាព ៣ក្រុមផ្សេងទៀតរួមមានក្រុមម្ចាស់ផ្ទះ Viettel FC របស់វៀតណាម, ក្រុម Hougang United របស់សិង្ហបុរី និងក្រុម Young Elephants របស់ឡាវ។

ចំណែកក្រុមវិសាខា ក្នុងនាមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ បានធ្វើដំណើរទៅដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញ ដើម្បីបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ដោយពូកគេស្ថិតក្នុងពូល G ជាមួយក្រុមម្ចាស់ផ្ទះ Bali United, ក្រុម Kaya FC របស់ហ្វីលីពីន និងក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី។

ចំពោះកម្មវិធីប្រកួតផ្លូវការរបស់ក្រុមតំណាងកម្ពុជាទាំង ២ក្រុម នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី២៤, ២៧ និងថ្ងៃទី៣០ ខែមិថុនាដូចគ្នា ក្នុងនោះប្រកួតបើកឆាកពូល I ភ្នំពេញក្រោន ត្រូវជួបក្រុមសិង្ហបុរី Hougang United ខណៈប្រកួតដំបូងរបស់វិសាខា ត្រួវជួបក្រុមហ្វីលីពីន Kaya FC នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕