(ភ្នំពេញ)៖ ក្រោយពីវិបត្តិកូវីដ-១៩បានធូរស្រាលនៅកម្ពុជា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតបើករោងភាពយន្ត និងរោងល្ខោន ឱ្យទស្សនិកជនបានចូលទស្សនាពេញ ១០០% វិញនោះ សាលាមធ្យមវិចិត្រសិល្បៈ និងយុវជនល្ខោនខោលកម្ពុជា គ្រោងរៀបចំការសម្តែងរៀងរាល់មួយខែកន្លះម្តង ដែលកម្មវិធីមានឈ្មោះថា «សម្តែងសិល្បៈនារដូវវស្សា»។

កម្មវិធី «សម្តែងសិល្បៈនារដូវវស្សា» ជាវេទិកាសិល្បៈដែលទស្សជនចូលរួមទស្សនាសិល្បៈដោយឥតគិតថ្លៃ ដើម្បីមកបានស្វែងយល់ និងស្គាល់អំពីសាលាធម្យមវិចិត្រសិល្បៈ ដែលជាគ្រិះស្ថានបណ្តុះបណ្តាលអ្នកបន្តវេនសិល្បៈវប្បធម៌ជាតិដ៏ធំមួយរបស់កម្ពុជា។ ជាពិសេស វេទិកានេះ មានការសម្តែងសិល្បៈចម្រុះរបស់សិស្ស-គ្រូ សាលាធម្យមវិចិត្រសិល្បៈនិងយុវជនល្ខោនខោលកម្ពុជា ដែលសម្តែងជូនទស្សនា ក៏ដូចជាការតបស្នងជូនឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ដែលបានបញ្ជូនកូនក្មួយគាត់មកហាត់រៀនជំនាញសិល្បៈខ្មែរ ដើម្បីបន្តវេនថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។

កម្មវិធី «សម្តែងសិល្បៈនារដូវវស្សា» រៀបចំឡើង ក្នុងគោលបំណងថែរក្សា ការពារ អភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឲ្យកាន់តែទូលំទូលាយ ជ្រួតជ្រាបដល់សាធារណៈជន ជាពិសេសយុជន និងយុវតីនាសម័យបច្ចេកវិទ្យា បានចូលរួមទស្សនាផ្ទាល់ញឹកញាប់ ដើម្បីបណ្តុះចិត្តស្រឡាញ់ និងឈានដល់ការចូលរួមថែរក្សា ការពារ សិល្បៈវប្បធម៌ដ៏មានតម្លៃមហាសាលរបស់កម្ពុជា។

គួរជម្រាបថា កម្មវិធី «សម្តែងសិល្បៈនារដូវវស្សា» នឹងមានការសម្តែងជូននូវផ្ទាំងទស្សនីយភាពចម្រុះរយៈពេល៦០នាទី ដែលគ្រោងនឹងធ្វើការសម្តែងចាប់ពីខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ ការសម្តែងមាន៤លើក៖ លើកទី១ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២, លើកទី២ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២, លើកទី៣ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងលើកទី៤ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២៕