(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កម្មវិធីនេះត្រូវបានបែងចែកជា២ ផ្នែក ដោយនៅពេលព្រឹកជាកម្មវិធីបើកបរសាកល្បងដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួម បើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ ជាច្រើនគ្រឿងទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពី ការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍បើកបរដ៏ថ្មីស្រឡាង ជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។ សម្រាប់កម្មវិធីពេលល្ងាច គឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះ ដែលបានអញ្ជើញចូលរួមពី សំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។

កម្មវិធីនេះក៏មានវត្តមានពី លោក ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន Ford Motor Company និងបណ្តាមិត្តអ្នកសារព័ត៌មានជាច្រើន។

នៅក្នុងឱកាសនេះ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងថា «រថយន្ត Ford មានភាពល្បីល្បាញទូទំាងប្រទេសកម្ពុជា នឹងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ដោយសារគុណភាពសុវត្ថិភាព និងបច្ចេកវិទ្យា ទំនើបៗនៃរថយន្ត Ford។ អាស្រ័យហេតុនេះហើយទើបរថយន្ត Ford បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណែកទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាអស់រយៈពេលច្រើនឆ្នាំជាប់ៗគ្នា។ ហើយមួយផ្នែកធំនៃសមិទ្ធិផលនេះ បានមក ពីការលក់រថយន្ត Ford Ranger ហើយសម្រាប់ថ្ងៃនេះ ក្រុមហ៊ុន នឹងនាំយកអ្វីដែលថ្មី មកជូនដល់អតិថិជនទាំងអស់គ្នា ដែលក្រុមហ៊ុននឹងធ្វើពិធីសម្ពោធជាផ្លូវការខ្នាតធំពុំធ្លាប់មាន នៅប្រទេសកម្ពុជាសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង»

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានបន្ដថា «រថយន្ត Ford Ranger គឺជាដៃគូដ៏ជឿជាក់មួយរបស់ម្ចាស់អាជីវកម្មខ្នាតតូច កសិករ គ្រួសារ អ្នកផ្សងព្រេង និងអាជីវកម្មនានានៅតាមទីផ្សារបណ្តាប្រទេសជាង 180 នៅជុំវិញពិភពលោក។ ទីផ្សារមួយក្នុងចំណោមនោះ គឺព្រះរាជាណាចក្រកម្ពុជាដែលមានចំណែកទីផ្សាររហូតដល់ទៅ 61% នៃរថយន្ត Pickup ខ្នាតកណ្តាលនេះ ដែលនេះជាតួលេខខ្ពស់បំផុតនៅលើពិភពលោក។ ពួកយើងពិតជាមានមោទនភាពចំពោះលទ្ធផលនេះ ហើយសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣នេះ ពួកយើងរំពឹងថានឹងមានកំណើនខ្ពស់ជាងមុន នៅក្នុងចំណែកទីផ្សារដោយសារតែនេះរថយន្ត Pickup ខ្នាតកណ្តាលល្អបំផុតនាពេលបច្ចុប្បន្ននេះ»

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវការ កោតសរសើរមកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផងដែរ ដែលលោកបានមានប្រសាសន៍ថា «ក្នុងនាមជាមន្រ្តីការទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយនៅពេល បានឃើញការគាំទ្រយ៉ាងពេញទំហឹងនៃផលិតផលអាមេរិក ជាក់ស្តែងគឺរថយន្ត Ford តែម្តង។ គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកមាន ភាពរឹងមាំ ដោយសារកត្តាជាច្រើនដូចជា៖ ទំនាក់ទំនងការទូត ការវិនិយោគ និងការគាំទ្រទៅលើផលិតផលអាមេរិក។ ពួកយើងពិតជាសង្ឃឹមថា នឹងអាចឃើញ ម៉ាកយីហោផលិតផលអាមេរិក និងផលិតផលអាមេរិកបន្ថែមទៀតក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជារថយន្ត Ford ដែលត្រូវបានបើកបរពាសពេញផ្ទៃប្រទេស»

បន្ថែមពីនេះ លោក ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «យើងសង្ឃឹមថាការដាក់ សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ នេះគឺផ្តល់នូវសារៈសំខាន់មិនត្រឹមតែជាប្រយោជន៍ដល់ ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្ម ហើយក៏ដូចជាបណ្តាប្រទេសជាច្រើន ដែលពាក់ព័ន្ធដែលបានមកវិនិយោគនៅកម្ពុជាយើងនេះផងដែរ»

គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីសម្ពោធរថយន្តដែលធំជាងគេពុំធ្លាប់នៅឯប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធឡើង រហូតដល់ទៅ៧ អគារ និងមានអតិថិជនចូលរួមយ៉ាងច្រើនកុះករ។ គេជឿជាក់ថារថយន្តនេះ នឹងមកបន្តតំណែងពីរថយន្ត Ford Ranger ស៊េរីមុនដែលឈរជើងជារថយន្ត Pickup ថ្មីដែលលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែរថយន្តនេះមាននូវភាពឆ្លាតវៃ ធន់រឹងមាំ និងទំនើបអស្ចារ្យលើសគេ៕