(បរទេស)៖ ប៉ុន្មានខែមុននេះទើបតែទទួលដំណឹងថា Apple ទំនងជាបញ្ឈប់ការបញ្ជាទិញអេក្រង់ OLED ពីក្រុមហ៊ុន Beijing Oriental Electronics (BOE) សម្រាប់ iPhone 14 បន្ទាប់ពីបានរកឃើញកំហុសមួយដែល BOE បានធ្វើដោយមិនមានការយល់ព្រមពី Apple។ ដោយឡែកថ្មីៗនេះ សារព័ត៌មាន The Elec បានរាយការណ៍ថា Apple កំពុងតែវាយតម្លៃឡើងវិញនូវគំរូអេក្រង់ BOE ហើយអាចនឹងបន្តធ្វើការបញ្ជាទិញទ្រង់ទ្រាយធំទៀតផង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ដោយផ្អែកលើប្រភពជិតស្និតដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ប្រសិនបើ BOE ទទួលបានភ្លើងខៀវពីក្រុមហ៊ុន Apple នោះ វានឹងចាប់ផ្តើមផលិតកម្មដ៏ធំនៅចន្លោះខែកក្កដា និងខែសីហា ខាងមុខនេះ។ តែយ៉ាងមិញ បន្ទាប់ពីមានភាពរអាក់រអួលរវាងក្រុមហ៊ុនទាំងពីរ ដែលបណ្តាលមកពី BOE បានផ្លាស់ប្តូរអេក្រង់ iPhone 13 ដោយគ្មានការអនុញ្ញាតកន្លងទៅនោះ តាមការបញ្ជាក់ Apple ទំនងជាកាត់បន្ថយការបញ្ជាទិញអេក្រង់ប្រហែលជា ៥លានគ្រឿងឯណោះ។

បើយោងតាមរបាយការណ៍ចុងក្រោយបានបញ្ជាក់ថា បន្ទះអេក្រង់ OLED ដែលត្រូវបានផលិតដោយ BOE នឹងត្រូវបានប្រើប្រាស់សម្រាប់តែ iPhone 14 និង 14 Max ប៉ុណ្ណោះ ខណៈដែលម៉ូដែល iPhone 14 Pro នឹងទទួលបានបន្ទះអេក្រង់របស់ Samsung និង LG ជំនួសវិញ៕