(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែ កាប្លិ៍អុបទិករវាង ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និងផ្សារទំនើប អ៉ីអន ម៉ល (សាខាមានជ័យ) ក្រោមអធិបតីភាពលោកស្រី លឹម នាងនាថ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និងលោក Tsuboya Masayuki អគ្គនាយកក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី។

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក គឺជាក្រុមហ៊ុនប្រឹក្សា និងផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា ដែលផ្តល់សេវាកម្មបណ្តាញហេដ្ឋា រចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ជាមួយនឹងគោលបំណងប្រឹក្សា និងផ្តល់ដំណោះស្រាយផ្នែក អភិវឌ្ឍន៍លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដែលកំពុងគ្រប់ដណ្តប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក ផ្តល់នូវផលិតផលនិងគុណភាពសេវាកម្មល្អគួរជាទីទុកចិត្ត រួមជាមួយនឹងក្រុមការងារប្រកបដោយការ ច្នៃប្រឌិតដែលរៀបចំបានល្អ តែងតែផ្តល់នូវដំណោះស្រាយ គួរឲ្យកោតសរសើរតាមតម្រូវការរបស់អតិថិជន។ ការសហការនេះឆ្លុះ បញ្ចាំងពីទំនុកចិត្ត និងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនក្នុងការទំនួលខុសត្រូវខ្ពស់។

ជាថ្មីម្តងទៀត ក្រុមហ៊ុនក្លាយទៅជាភាគីសហការនៅ លើគម្រោងទីបីនៃ ផ្សារទំនើប អ៉ីអន ម៉ល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺផ្សារទំនើប អ៉ីអន ម៉ល មានជ័យ បន្ទាប់ពីក្រុមហ៊ុន សម្រេចបាន នូវសមិទ្ធិផលសំខាន់ជាច្រើន និងការចូលរួមដ៏មានតំលៃក្នុងកិច្ចសហការនេះ។ ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក រៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅសាខាទាំងពីររបស់ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី។

បន្ថែមពីនេះ ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំង ដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាសហគ្រាសស្នូលរបស់ AEON GROUP ដែលមានឯកទេស ក្នុងការអភិវឌ្ឍន៍ និងដំណើរការផ្សារទំនើប ហើយឥឡូវនេះ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី មានសាខាចំនួនពីរដែលត្រូវបានបង្កើតឡើងជាមួយនឹងសាខាថ្មីមួយទៀត ដែលនឹងបើកដំណើរការនាពេលឆាប់ៗ ខាងមុខនេះ នៅកម្ពុជា។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏សុំធ្វើការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះ នឹងក្លាយជាជំហានមួយ ក្នុងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក ដោយយើងបានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិក ដោយប្រើនូវបច្ចេកវិទ្យាទំនើប។

ក្រុមហ៊ុនយើងខ្ញុំ ក៏ប្តេជ្ញាផ្តល់ជូនសេវាកម្ម និងបទពិសោធន៍ល្អជាងគេ ជូនអតិថិជនដែលស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការក្លាយជា «ដៃគូជាទីទុកចិត្តបំផុតក្នុងការ ផ្តល់ជូននូវដំណោះស្រាយ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រឹក្សាយោបល់ព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា»

ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ ឯ.ក និងក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី សូមថ្លែងអំណរគុណជាអនេកចំពោះអតិថិជន ទាំងអស់ដែលបន្តគាំទ្រ ផលិតផល និងសេវាកម្មរបស់ពួកយើង៕