(ភ្នំពេញ)៖ ផ្សារទំនើប AEON នឹងចូលរួមនៅក្នុងពិព័រណ៍ការងារ នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងការប្រកាសជ្រើសរើសបុគ្គលិក ជាង ៦០០ នាក់ ជាច្រើនមុខជំនាញផ្សេងៗគ្នា។

ពិព័រណ៍ការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សសយក រាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការ ILO នឹងប្រព្រឹត្តិទៅនៅក្នុងបរិវេណអាគារ KAMPUS ដែលមានអាសយដ្ឋាន ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវ ឱកាសការងារសរុបប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗ ជាច្រើន ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឲ្យដឹងថា «NEA បានរួមចំណែកជាច្រើន ក្នុងការជួយដល់ក្រុមហ៊ុនរបស់យើង ដើម្បីជ្រើសរើសបុគ្គលិក កន្លងមក។ តាមរយៈការសហការជាមួយ NEA ជាច្រើនលើកច្រើនសារកន្លងមក ក្រុមហ៊ុនយើងទទួលបាន បុគ្គលិកប្រមាណជា ៤០ភាគរយ ក្នុងចំណោមបុគ្គលិកសរុប ដែលកំពុងធ្វើការនៅAEON»

លោក ឆៃយ៉ា រំពឹងថា ក្នុងរយៈពេល២ថ្ងៃនេះ AEON នឹងទទួលបានបុគ្គលិកបន្ថែមទៀត ដែលនឹងអាចជួយបំពេញតម្រូវការរបស់ក្រុមហ៊ុនដែលកំពុងមានការខ្វះខាត។ លោកក៏បានជំរុញដល់ សិស្ស-និស្សិត សាធារណៈជន ទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ កុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនផ្ទាល់នៅថ្ងៃទី២២-២៣ នៅក្នុងអាគារ KAMPU នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរ ការងារត្រូវរៀបចំខ្លួនឳ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ។

ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ ជួបសម្ភាសផ្ទាល់ ព្រមទាំងទទួល បានការប្រឹក្សាយោបល់អាជីព និងាការងារ ក្នុងការត្រៀមចូល ទីផ្សារការងារ ។

យុវជន និងអ្នកស្វែងរកការងារ សូមកុំភ្លេចចាប់យកឱកាសការងារ ពីពិព័រណ៍នេះឲ្យបានទាន់ពេលវេលាដោយចូលរួមទស្សនា, ជួបសួរព័ត៌មានពីតំណាងក្រុមហ៊ុនដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងរៀបចំប្រវត្តិរូបឲ្យបានច្រើនដើម្បីត្រៀមដាក់ពាក្យស្នើសុំការងារ និងសម្ភាសផ្ទាល់ភ្លាមៗ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕