(ភ្នំពេញ)៖ លោក ស៊ន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានគណៈកម្មការចៅក្រមឯករាជ្យ នៃកម្មពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានលើកឡើងថា បុរីជាប្រភេទលំនៅដ្ឋានដែលមានតម្រូវការលឿនបំផុត ក្នុងចំណោមលំនៅដ្ឋានជាច្រើនប្រភេទ ដោយសារតែសន្ទុះនៃតម្រូវការយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុក។

លោក ស៊ន សៀប បានថ្លែងថា ចាប់តាំងពីកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញឃើញថា សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញបន្តិចម្តងៗ ដោយសារតែប្រសិទ្ធភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ងាកទៅមើលវិស័យអចលនទ្រព្យ ក៏មានការរីកចម្រើនបណ្តើរៗ បើទោះបីមិនទាន់ឈាន ដល់កម្រិតដូចមុនពេលកើតមានជំងឺកូវីដក៏ដោយ។

លោកបានបញ្ជាក់ថា «ក្នុងចំណោមលំនៅដ្ឋានជាច្រើនប្រភេទ លើទីផ្សារគេសង្កេតឃើញថា បុរីមានតម្រូវការលឿនបំផុតដោយសារតែសន្ទុះនៃ តម្រូវការយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងស្រុក បុរីគឺជាទ្រព្យសកម្មដែលងាយលក់ដូរ ជាហេតុធ្វើឱ្យវាមានប្រជាប្រិយភាព ក្នុងចំណោមប្រជាជនខ្មែរ មិនត្រឹមតែសម្រាប់ការរស់នៅប៉ុណ្ណោះទេ ហើយថែមទាំងអាចដាក់លក់ និងជួលរកប្រាក់ចំណេញផងដែរ»

លោកបានបន្ថែមថា ថ្មីៗនេះក្រុមអ្នកអភិវឌ្ឍជាច្រើន បានបង្វែរទិសដៅវិនិយោគពីការអភិវឌ្ឍន៍ខុនដូទៅជាបុរីវិញ ក្រោមហេតុផលបង្វែរតម្រូវការ ពីអ្នកទិញបរទេសមកអ្នកទិញក្នុងស្រុក បច្ចុប្បន្ននេះអ្នកទិញក្នុងស្រុកមានកាន់តែច្រើនឡើងៗ បូករួមជាមួយទីផ្សារត្រូវពឹងផ្អែកយ៉ាងខ្លាំង លើតម្រូវការក្នុងស្រុក ដូច្នេះការបង្វែរទិសដៅគម្រោងអភិវឌ្ឍថ្មី ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អ្នកទិញក្នុងស្រុក គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ។

លោកបានបន្ដថា ក្រៅអំពីបុរី ខុនដូ ជាជម្រើសស័ក្តិសមជាមួយអ្នកធ្វើការវ័យក្មេង ចង់បញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងការធ្វើដំណើរទៅមកនៅភ្នំពេញ។

សូមជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧ នឹងផ្តល់ពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការរចនាប្លង់ល្អបំផុត រួមជាមួយការទទួលស្គាល់ពិសេស មិនតែប៉ុននោះ អ្នកអភិវឌ្ឍក៏អាចចូលរួមការប្រកួតប្រជែង ក្នុងកម្មវិធីអភិវឌ្ឍលំនៅដ្ឋានឆ្នេរសមុទ្រល្អបំផុតថ្មីស្រឡាង ដែលមានរាយបញ្ជីសង្ខេបខុនដូ អាផាតមិន លំនៅដ្ឋាន និងផ្ទះវីឡាល្អបំផុតនៅក្នុងតំបន់សក្តានុពលនៃក្រុងព្រះសីហនុ និងកំពត។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ បានបន្តបើក ទទួល ពាក្យ ចូលរួមក្នុង កម្មវិធីពានរង្វាន់លើកទីប្រាំពីររបស់ខ្លួននៅកម្ពុជា ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។

កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងប្រព្រឹត្តទៅស្របតាមវិធានការ សុខភាព និងសុវត្ថិភាព ដូចជាការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ការស្កែន QR ការថតវាស់កម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ៕