(បរទេស)៖ អ្នកនិពន្ធរឿងជនជាតិកាណាដា ដែលឈ្នះពានរង្វាន់អូស្ការ លោក Paul Haggis កំពុងស្ថិតនៅក្រោមការឃុំខ្លួន នៅភាគខាងត្បូងប្រទេសអ៉ីតាលី ក្រោមការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

បើតាមមេធាវីជនជាតិអ៉ីតាលីរបស់អ្នកដឹកនាំរឿង Paul Haggis បានប្រាប់ Reuters ថា លោក Paul Haggis ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យ ជាមួយនឹងវិធានការអនុវត្តភ្លាមៗ ចេញដោយរដ្ឋអាជ្ញា Brindisi ហើយឥឡូវនេះកំពុងស្ថិតនៅក្រោមការឃុំខ្លួននៅទីក្រុង Ostuni ប្រទេសអ៉ីតាលី។ លោកនឹងត្រូវបានតុលារការសាកសួរចម្លើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។

បើតាមរដ្ឋអាជ្ញានៅតំបន់ Brindisi នៃប្រទេសអ៉ីតាលី បានឲ្យដឹងថា លោក Paul Haggis ត្រូវបានចោទប្រកាន់ពីបទបង្ខំនារីឲ្យរួមភេទជាមួយខ្លួនរយៈពេល២ថ្ងៃ ដែលប្រព្រឹត្តិនៅទីក្រុង Ostuni ប្រទេសអ៉ីតាលី ហើយនារីរងគ្រោះនោះបានសរសេរក្នុងពាក្យបណ្តឹងថា នាងត្រូវបង្ខំចិត្តឲ្យទទួលការព្យាបាលភ្លាមៗ ក្រោយមានទំនាក់ទំនងផ្លូវភេទជាមួយផលិតករខាងលើ។

ប្រភពពីអ្នកស៊ើបអង្កេតមួយបានប្រាប់រ៉យទ័រថា ស្ត្រីមិនស្គាល់អត្តសញ្ញាណនឹងត្រូវសាកសួរក្នុងរយៈពេល១០ថ្ងៃខាងមុខ ចំពោះហេតុការណ៍ខាងលើ ក្នុងប្រទេសអ៊ីតាលី ដើម្បីឈានដល់ការកំណត់ភស្តុតាង សម្រាប់ការកាត់ក្តី ដែលអាចកើតមាននាពេលអនាគត។

ផលិតកររូបនេះត្រូវបានគេដឹងថា ធ្វើដំណើរទៅអ៉ីតាលី ដើម្បីចូលរួមកម្មវិធី « Allora Fest film festival» ដែលធ្វើឡើងពីថ្ងៃទី២១-២៦ ខែមិថុនា ឆ្នាំ២០២២ ក៏ប៉ុន្តែនៅពេលមានបញ្ហានេះកើតឡើង អ្នករៀបចំកម្មវិធី បានសម្រេចដកបេក្ខភាពលោកចេញតែម្តង។

គួរជម្រាបថា តាមរយៈការងារជាអ្នកដឹកនាំ និងផលិតករខ្សែភាពយន្ត កាលពីឆ្នាំ២០០៥ លោក Haggis ដែលមានវ័យ៦៩ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកសហការនិពន្ធរឿង James Bond ចំណងជើងថា «Casino Royale» និងរឿង «Quantum Of Solace» ។ លោកក៏បានបម្រើការជាអ្នកនិពន្ធ និងអ្នកផលិតកម្មវិធី «Million Dollar Baby» ឆ្នាំ២០០៤ផងដែរ។ លោកបានឈ្នះពានរង្វាន់អូស្ការចំនួនពីរសម្រាប់រឿង «Crash» ដោយពានរង្វាន់មួយផ្នែក «Best Picture» និងមួយទៀតសម្រាប់ «Best Original Screenplay»