(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា នៅថ្ងៃទី២១ ខែមិថុនានេះ បានបើកកិច្ចប្រជុំជាមួយក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិកម្ពុជា ដើម្បីជជែកអំពីចំណុចខ្វះខាត នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីថ្មីៗ ហើយពង្រឹងការហ្វឹកហាត់ឲ្យកាន់តែខ្លាំង ដើម្បីត្រៀមការប្រកួតប្រជែងមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធបានថ្លែងថា ការបរាជ័យក្នុងស៊ីហ្គេម នៅវៀតណាម គឺជារឿងមួយ ដែលសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីពិបាកទទួលយក។ ប៉ុន្ដែលោកបានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីគ្រប់រូបនេះ ត្រូវខិតខំប្រឹងប្រែងឡើងវិញឲ្យកាន់តែខ្លាំង ដើម្បីពង្រឹងសមត្ថភាពឲ្យឈានដល់ស្ដង់ដារមួយ ដែលអាចដណ្ដើមមេដាយជូនជាតិបាន។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា អ្វីដែលជាចំណុចខ្វះខាតរបស់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមកន្លងមក គឺផ្នែកចិត្តសាស្ដ្រ ។ ចំណែកបច្ចេកទេស និងកម្លាំង ពួកគេធ្វើបានល្អប្រសើរ មិនចាញ់ប្រៀបគូប្រជែងដូចពីមុនៗឡើយ ទោះបីអ្នកចូលរួមប្រកួតស៊ីហ្គេមលើកនេះ សុទ្ធសឹងជាកីឡាករ-កីឡាការិនី ដែលកើតចេញពីការបណ្ដុះបណ្ដាលថ្នាលក៏ដោយ ។

ដូច្នេះទើបថ្នាក់ដឹកនាំសហព័ន្ធ កោះប្រជុំជាមួយក្រុមជម្រើសជាតិថ្ងៃនេះ ដើម្បីរកដំណោះស្រាយ និងជំរុញការហ្វឹកហាត់បន្ថែម ពិសេសការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី ១២រូបទៅហ្វឹកហាត់នៅចិននាពេលឆាប់ៗខាងមុខ ។ កីឡាករ-កីឡាការិនីគ្រប់រូប ត្រូវបានលើកទឹកចិត្ត និងជំរុញឲ្យបង្កើនការហ្វឹកហាត់ ពិសេសពង្រឹងផ្នែកចិត្ដសាស្ដ្រ ដើម្បីធានាបាននូវគុណភាពកម្រិតខ្ពស់ ឆ្ពោះទៅរកមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ សហព័ន្ធក៏បានផ្ដល់សម្ភារៈហ្វឹកហាត់ដល់ក្លិបសមាជិកមួយចំនួន ដើម្បីសម្រួលដល់ការហ្វឹកហាត់ និងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីបន្ថែមផងដែរ៕