(ភ្នំពេញ)៖ បន្ទាប់ពីបើកដំណើរការយ៉ាងជោគជ័យ ចំនួន៣សាខា ដែលរួមមាន សាខាសុវណ្ណា សាខាផ្សារអូឡាំព្យា និងសាខាទួលគោកហើយនោះ លីកាចា សាឡន ដែលជាសាឡនលំដាប់កំពូលមួយមកពីប្រទេសកូរ៉េ បានបើកសាខាថ្មីទី៤ របស់ខ្លួនមួយទៀត នៅជាន់ផ្ទាល់ដី នៃផ្សារទំនើបជីបម៉ុងសែនសុខ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

ហាងថ្មីៗនេះនឹងបន្តផ្តល់សេវាកម្មសាឡន ដូចជា កាត់សក់ ធ្វើម៉ូតសក់ ផ្លុំសក់ លាបពណ៌សក់ ព្យាបាលសក់ខូច ព្រមទាំងសេវាកម្ម ផាត់មុខ ដ៏អស្ចារ្យបែបកូរ៉េ ដោយជាងជនជាតិកូរ៉េ និងជាងជំនាញក្នុងស្រុក។

គួរំលឹកថា លីកាចា បង្កើតតាំងពីឆ្នាំ១៩៧០ ដោយមាន ១៥០សាខា នៅទូទាំងប្រទេសកូរ៉េ ១៥សាខានៅសហរដ្ឋអាមេរិច ៣០សាខានៅប្រទេសចិន និងមានសាខាជាច្រើននៅ អូស្ត្រាលី និង ស៊ីងហ្គាពួ។ ទោះបីវិបត្តិសកលប៉ះពាល់អតិផរណា តែកម្ពុជា នៅតែមានសក្តានុពលសម្រាប់ វិនិយោគវិស័យសេវាកម្មផ្នែកសម្ផស្ស កម្ពុជានៅតែមានលំហូរវិនិយោគ ជាបន្តបន្ទាប់ក្រោយបើក សង្គមសេដ្ឋកិច្ចឡើងវិញ បើទោះបីពេលនេះ មានវិបត្តិសង្គ្រាមអ៊ុយក្រែនជះឥទ្ធិពលអតិផរណា ដល់កម្ពុជាតិចតួចក៏ពិតមែន តែអាជីវកម្មនានានៅតែមានដំណើរការ និងឈានដល់ពង្រីកសាខាវិនិយោគ ដោយយោងទៅតាមសក្តានុពលទីផ្សារកម្ពុជា ជាពិសេសទីផ្សារផ្នែកសេវាកម្មសម្ផស្ស។

ក្រុមហ៊ុន លីកាចា ខេមបូឌា ដែលវិនិយោគលើផ្នែកសេវាកម្មសម្រស់ បានបង្ហាញពីភាពជោគជ័យក្នុងដំណើរការអាជីវកម្មនៅកម្ពុជា ហើយបានសហការជាមួយផ្សារទំនើបជីបម៉ុងសែនសុខ បើកបន្ថែមសាខាទី៤របស់ខ្លួន។

អគ្គនាយកនៃក្រុមហ៊ុន លីកាចា (ខេមបូឌា) ត្រេឌីង បានឱ្យដឹងថា ខ្លួនបានចាប់ដៃគូជាមួយផ្សារទំនើបជីបម៉ុងសែនសុខដើម្បីបង្ខិត និងពង្រីកការវិនិយោគលើសេវាកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថជនដែលកំពុងគាំទ្រ។

សូមបញ្ជាក់ថា ក្រុមហ៊ុននេះក៏គ្រោងនឹងបន្តពង្រីកសាខា និងសេវាកម្មបន្ថែមទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបន្ថែមទៀត ដោយសារកម្ពុជា ផ្តល់នូវសក្តានុពលអំណោយផល សំរាប់ការវិនិយោគរបស់ខ្លួន៕