(សៀមរាប)៖ ទិវាយោគៈអន្តរជាតិ (International Day of Yoga) ត្រូវបានធ្វើឡើងជាលើកទី៨នៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «យោគៈសម្រាប់មនុស្សជាតិ» នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានអធិបតីភាពរបស់លោក Rajkumar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោកស្រី Devyani Khobragade អគ្គរាជទូតឥណ្ឌាប្រចាំកម្ពុជា លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប អគ្គនាយករងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ យុវសិស្ស សរុបប្រមាណ៥០០នាក់។

ថ្លែងក្នុងទិវាយោគៈអន្តរជាតិនោះ លោក Rajkkunmar Ranjan Singh បានលើកឡើងថា យោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ ពាក្យថា យោគៈនេះមកពីសំស្ក្រឹតដែលមានន័យថារួបរួម។ វាតំណាងឱ្យការសំយោគគ្នារវាងចិត្តនិងកាយ គំនិតនិងសកម្មភាព ការអត់ធ្មត់និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ និងវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាពនិងសុខុមាលភាព។ សំខាន់ជាងនេះទៅទៀត យោគៈគឺលើកស្ទួយនូវសារសន្តិភាពក្នុងពិភពលោកដែលស្របតាមគោលការណ៍របស់ឥណ្ឌា Vasudhaiva Kutumbakam ដែលមានន័យថា ពិភពលោកគឺជាគ្រួសារតែមួយ។

លោកអនុរដ្ឋមន្ត្រីក៏បានលើកយកដោយសង្ខេបស្ដីអំពីទំនាក់ទំនងជាមិត្តភាពទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា ពិសេសទំនាក់ទំនងខាងសាសនា វប្បធម៌ និងអរិយធម៌ដ៏រឹងមាំ គឺមានការរីកចម្រើន ក្នុងឋានៈជាដៃគូពិសេសផ្អែកលើមូនដ្ឋានគ្រឹះដែលមិនអាចរង្គោះរង្គើបាន សម្រាប់ភាពជាដៃគូទំនើប ដែលបន្តរីកដុះដាល់ជារៀងដរាប ហើយប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការក្នុងឆ្នាំនេះ។

លោក ប៉ាក់ សុខុម បានថ្លែងថា ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាធ្លាប់បានរៀបចំទិវាយោគៈអន្តរជាតិតាំងពីឆ្នាំ២០១៥ ដោយទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់រួចមកហើយ នៅតាមគោលដៅទេសចរណ៍ដ៏ពេញនិយមនារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពនៃការីករាយដាលនៃជំងឺកូវីដ១៩ លំហាត់ប្រាណយោគៈនេះកាន់តែមានអត្ថប្រយោជន៍ ដើម្បីសារពាង្គកាយមាំមួន កាត់បន្ថយភាពតាមតឹងផ្លូវចិត្ត (Stress) និងរក្សាបាននូវសុខភាព សុវត្ថិភាព ដល់អ្នកទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩នេះ។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ (Cambodia: Kingdom of Wonder-Feel the Warmth) នឹងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។

គួរជម្រាបថា ក្នុងសម័យប្រជុំលើកទី៦៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៤ នៅពេលនោះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានជំរុញសហគមន៍ពិភពលោកឲ្យប្រកាន់យកនូវទិវាយោគៈអន្តរជាតិ ហើយមហាសន្និបាតអង្គការនេះបានអនុម័តសេចក្ដីសម្រេចជាឯកច្ឆ័ន្ទ ដោយប្រកាសថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិ៕