(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះករណីខ្យល់កន្រ្តាក់ ដែលអាចបង្កគ្រោះថ្នាក់ណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារតែស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្នមានការប្រែប្រួល បណ្តាលឱ្យមានខ្យល់កន្រ្តាក់ខ្លាំង អាចបង្កនៅគ្រោះថ្នាក់ណាមួយជាយថាហេតុគ្រប់ពេលវេលា។ បើទោះបីជាកន្លងមក និងបច្ចុប្បន្ន មន្រ្តីអាជ្ញាធរជាតិអប្សរាតែងតែបានដើរពិនិត្យ និងកាត់ក្រីមែកឈើ ដែលប្រឈមហានិភ័យជាប្រចាំក្តី ក៏មិនអាចដឹងថាមានអ្វីនឹងកើតឡើងជាមុនដែរ។

អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ និងអ្នកបើកបររថយន្តដឹកភ្ញៀវទេសចរទាំងអស់សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលមានករណីភ្លៀងធ្លាក់ ឬខ្យល់ខ្លាំង សូមកុំទៅជ្រកក្រោមដើមឈើ ឬយករថយន្តទៅចតក្រោមដើមឈើ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ៕