(ម៉ែលប៊ន)៖ អូស្ត្រាលី កំពុងថ្លឹងថ្លែងក្នុងការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ចិន បោះបង់ចោលសិទ្ធិរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ, នេះបើតាមការលើកឡើង ពីសមាគមបាល់ទាត់អូស្ត្រាលី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

ចិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ នៅខែមិថុនា និងកក្កដា ឆ្នាំក្រោយ, ប៉ុន្តែដំណោះស្រាយរបស់ប្រទេស ក្នុងការរក្សាគោលនយោបាយគ្មានជំងឺកូវីដ-១៩ ជាលទ្ធផល បានធ្វើឲ្យព្រឹត្តិការណ៍ ដែលមានការចូលរួមប្រកួត២៤ក្រុមនេះ មានការផ្លាស់ប្តូរ។

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានអញ្ជើញឲ្យមានការចូលរួមដេញថ្លៃ សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៣នេះ កាលពីខែមុន ដោយបានលើកឡើងថា ភាគីដែលចាប់អារម្មណ៍ ត្រូវបានបញ្ជាក់ពីការចូលរួម នៅត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខ។

«យើងបាននឹងកំពុងពិភាក្សាគ្នា ជាមួយ AFC និងរដ្ឋាភិបាល ដោយយើងធ្វើការកំណត់ដំណើរការ និងចំណាប់អារម្មណ៍របស់យើង», នេះបើតាមអ្នកនាំពាក្យសមាគមបាល់ទាត់អូស្ត្រាលី បានលើកឡើង។

កូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃចន្ទ ថាខ្លួននឹងចូលរួមដេញថ្លៃ សម្រាប់ព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣, ស្របពេលដែលជប៉ុន បានលើកឡើងកាលពីខែមុនថា ខ្លួនបានទាក់ទងក្រៅផ្លូវការ ស្តីពីការចូលរួមដេញថ្លៃ។

អូស្ត្រាលី បានមមាញឹករួចទៅហើយ សម្រាប់ឆ្នាំ២០២៣ ដោយនឹងធ្វើជាសហម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ផ្នែកនារី Women's World Cup ជាមួយណូវែលសេឡង់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា។

សូមជម្រាបថា អូស្ត្រាលី ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ និងដណ្តើមបានពានរង្វាន់ Asian Cup កាលពីខែមករា ឆ្នាំ២០១៥ ជាមួយនឹងអតីតគ្រូបង្វឹក Ange Postecoglou ដែលបានដឹកនាំក្រុម ដណ្តើមបានពានរង្វាន់លើកដំបូង នៅក្នុងកម្មវិធីប្រកួតប្រចាំទ្វីបនេះ៕