(ញ៉ូវខាសល)៖ ក្លិបបាល់ទាត់ Newcastle United បានជជែកគ្នា ជាមួយអ្នកចាំទីក្លិប Burnley កីឡាករ Nick Pope, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។
កីឡាករលំដាប់អន្តរជាតិសញ្ជាតិអង់គ្លេស ដែលនៅសល់រយៈពេល១ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ជាមួយក្លិប Burnley នោះ នឹងលេងឲ្យក្លិប ដែលដឹកនាំដោយលោក Eddie Howe ជាកីឡាករជម្រើសជំនួស អ្នកចាំទី Martin Dubravka។
កីឡាករ Pope ជាប់លេង៨លើក ឲ្យក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងការប្រកួតចុងក្រោយ ក្នុងលទ្ធផលឈ្នះ៣-០ លើក្រុមកូតឌីវ័រ កាលពីខែមីនា។
អ្នកចាត់ការ Eddie Howe បាននឹងកំពុងអភិវឌ្ឍន៍ក្លិបរបស់លោក បន្ទាប់ពីមានការគ្រប់គ្រងក្លិប ដែលមានការគាំទ្រពីជនជាតិអារ៉ាប៊ីសាអូឌីត កាលពីខែតុលាឆ្នាំមុន។
អ្នកចាំទីលំដាប់អន្តរជាតិសញ្ជាតិស្លូវ៉ាគី Dubravka វ័យ៣៣ឆ្នាំ បានវិលត្រឡប់ចូលលេងវិញ ក្រោយជាសះស្បើយពីរបួសជើង ដើម្បីបង្ហាញខ្លួនលើកទី២៦ ក្នុងលីគ Premier League កាលពីរដូវកាលមុន ខណៈក្លិប Newcastle បានផ្លាស់ពីបាតតារាង ឡើងទៅបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១១។
ក្លិបដែលដឹកនាំដោយលោក Howe ក៏បាននឹងកំពុងព្យាយាម ក្នុងការចុះកិច្ចសន្យា នាំយកខ្សែការពារកណ្តាលវ័យ២២ឆ្នាំ Sven Botman របស់ក្លិប Lille និងខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្លិប Stade de Reims កីឡាករ Hugo Ekitike ផងដែរ៕